សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបរោងស្តុក លក់ និងចែកចាយផលអនុផលព្រៃឈើគ្មានច្បាប់មួយកន្លែង រឹបអូសឈេីប្រណិត ឈេីកែច្នៃច្រេីនម៉ែត្រគូប រួមទាំងឧបករណ៍កែច្នៃឈេីជាច្រេីនគ្រឿង យកមករក្សាទុកជាសម្បត្តិរដ្ឋ !

btshotnews
ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងមន្ត្រីមូលដ្ឋាន ចុះបង្ក្រាបរោស្តុកឈើ លក់ និងចែកចាយផល អនុផលព្រៃឈើ ដ៏ធំមួយកន្លែង ហើយឈានទៅរឹបអូសឈើប្រណិត និងឈើកែច្នៃជាច្រើនម៉ែត្រគូប រួមទាំងឧបករណ៍កែច្នៃឈើជាច្រើនប្រភេទ និងច្រើនគ្រឿង មានតម្លៃច្រើនម៉ឺនដុល្លារ។ ប្រតិការនោះបានធ្វើឡើងកាលពីថ្ងៃទី១៧កុម្ភះឆ្នាំ២០២១ នៅជិតរង្វង់មូលស្រអែម ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នោះមក លោកបានដឹកនាំសមត្ថកិច្ចចម្រុះ មន្ត្រីព្រៃឈើផ្នែកជាំក្សាន្ត សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត និងមន្ត្រីជាច្រើនទៀត ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើ លក់ និងចែកចាយផល-អនុផលព្រៃឈើ ដោយខុសច្បាប់ ដ៏ធំមួយកន្លែង ហើយបានឈានទៅដកហូតវត្ថុតាង ឈើប្រណិតប្រភេទបេង ធ្នង់ ឈើកែច្នៃបានជាច្រើនម៉ែត្រគូប និងសម្ភារៈកែច្នៃឈើជាច្រើនប្រភេទទៀត ផងដែរ។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននៅពេលនេះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ ព្រោះខណៈនេះ មន្ត្រីជំនាញព្រៃឈើ កំពុងធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត នៃផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការតាមច្បាប់។

លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាក់ទៀតថា លោកនឹងធ្វើការបង្រ្កាបដោយមិនលើកលែងជាដាច់ខាត ចំពោះការបើកកន្លែងរកស៊ីដោយល្មើសនឹងច្បាប់ហាមឃាត់ រីឯការបង្ក្រាបនោះ គឺនឹងធ្វើឡើងចំពោះជនណា ដែលនៅតែមិនព្រមអនុវត្តតាមការកំណត់ដោយច្បាប់ មិនចំពោះតែបទល្មើសព្រៃឈើនោះទេ អ្នកប្រព្រឹត្តល្បែងស៊ីសង ក៏ត្រូវតែចាត់វិធានការផ្លូវច្បាប់ ឲ្យខាងតែបាន។

គួរបញ្ជាក់ថា នៅរយៈកាលកន្លងមក លោកព្រះរាជអាជ្ញារងខេត្ត វុធ សាវី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងមន្ត្រីជំនាញក្នុងមូលដ្ឋាន ចុះបង្ក្រាបរោងសិប្បកម្មគ្មានច្បាប់ បានជាច្រើនទីតាំង រឹបអូសឈើបានជាច្រើនម៉ែត្រគូប និងបង្ក្រាបល្បែងស៊ីសង បៀរ កន្ទុយលេខ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសង ដាក់ពន្ធនាគារខេត្ត រួចមកហើយដែរ៕