ឈេីប្រណិតជាច្រេីនម៉ែត្រគូប រួមទាំងឧបករណ៍កែច្នៃឈេីជាច្រេីនប្រភេទ មានតម្លៃច្រេីនពាន់ដុល្លារ បានរងការបង្ក្រាប នឹងរឹបអូសនៅក្នុងខេត្តព្រះវិហារ !

btshotnews
ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមាន កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងនគរបាល និងកម្លាំងនាយកដ្ឋានប្រឆាំងចារកម្មក្រសួងមហាផ្ទៃ បានចុះទៅបង្ក្រាបរោងសិប្បកម្មកែច្នៃឈើ និងរោងស្តុកឈើល្មើសច្បាប់ រឹបអូសឈើប្រណិតច្រើនម៉ែត្រគូប និងឧបករណ៍កែច្នៃឈើជាច្រើនប្រភេទ ដែលគេដឹងថា ទាំងឈើនិងឧបករណ៍កែច្នៃឈើទាំងនោះ មានតម្លៃច្រើនពាន់ដុល្លារ។

ប្រតិបត្តិការណ៍នោះ បានធ្វើឡើងនាថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នេះ ត្រូវនឹងថ្ងៃបុណ្យសិទ្ធិនារីអងន្តរជាតិ ស្ថិតនៅក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

លោក វុធ សាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសឈើនៅតាមរោងសិប្បកម្មកែច្នៃឈើ និងការសន្និធិឈើ ដោយគ្មានច្បាប់អនុញ្ញាតនេះ គឺបានធ្វើឡើងក្រោមការបញ្ជា ឲ្យមានការសម្របសម្រួលដឹកនាំការបង្ក្រាបពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ ។ លោកព្រះរាជអាជ្ញារងខេត្ត បានបន្តថា លោកនឹងបន្តបង្ក្រាបទៅលើរោងសិប្បកម្ម និងរោងសន្និធិឈើទាំងឡាយណា ដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ពីរដ្ឋបាលព្រៃឈើ ដែលស្ថិតនៅក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ។

លោក វុធ សាវី បានថ្លែងឲ្យដឹងទៀតថា នៅក្នុងការចុះបង្ក្រាបនាថ្ងៃនេះ នៅមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ ប៉ុន្តែ សមត្ថកិច្ចធ្វើការរឹបអូសបានឈើប្រណិតជាច្រើនប្រភេទ មានដូចជា ឈើបេង ឈើធ្នង់ ឈើកកោះ និងឈើជាច្រើនប្រភេទៀត ព្រមទាំងដកហូតបានឧបករណ៍កែច្នៃឈើជាច្រើនប្រភេទទៀតផងដែរ។ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា ខណៈនេះ កម្លាំងសមត្ថកិច្ចជំនាញព្រៃឈើ កំពុងធ្វើការប្រមូល និងដឹកជញ្ជូនវត្ថុតាង ដែលរឹបអូសបាននោះ នាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង។ លោកបានបញ្ជាក់ទៀតថា លោកនឹងសុំគោលការណ៍ថ្នាក់លើ បន្តចុះបង្ក្រាបទៅលើរោងសិប្បកម្ម និងការធ្វើអាជីវកម្មឈើណា ដែលល្មើសនឹងច្បាប់ហាមឃាត់ ដោយគ្មានការយោគយល់ និងលើកលែងនោះឡើយ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី០៧ខែមីនាឆ្នាំ២០២១ ម្សិលមិញនេះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះស្រុក ចុះស្ទាក់ចាប់រថយន្តត្រេអ៊ី ពាក់ស្លាកលេខខ.មមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិសាស្ត្រស្រុករវៀង រឹងអូសឈើអារបានរាប់សិបសន្លឹកផងដែរ៕