អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នង ក្នុងខេត្តព្រះវិហារ បាននឹងកំពុងដាក់ឲ្យដំណេីរការសាងសង់ គ្រោងនឹងចំណាយថវិកាប្រមាណជាង២ម៉ឺនដុល្លារអាមេរិក បេីទោះបីកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលឆ្លងជំងឺកូវីដ១៩ យ៉ាងរាលដាលនៅក្នុងសហគមន៍ !

btshotnews
ខេត្តព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន លោក សួសសុខ ដារ៉ា តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាន ចុះបើកការបញ្ចុះបឋមសិលា សាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នង ដែលគ្រោងនឹងចំណាយថវិកាអស់ ប្រមាណជាង ២ម៉ឺនដុល្លារ សម្រាប់បម្រើដល់វិស័យនយោបាយ នៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ពិធីបញ្ចុះបឋមសិលានោះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី១១ មីនា ឆ្នាំ២០២១។

ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន លោក សួស សុខដារ៉ា បានមានប្រសាសន៍ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នង ដែលកំពុងដាក់ឲ្យដំណើរការសាងសង់នៅក្នុងពេលនេះ មានទំហ៊ំទទឹង ៧ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ សាងសង់អំពីបេតុង ដំបូលប្រក់ក្បឿង ដោយមានបំពាក់សម្ភារៈការិយាល័យ សាងសង់ក្លោងទ្វារ និងរបងព័ទ្ធជុំវិញ ដែលគ្រោងចំណាយថវិកា លើការសាងសង់ជាង ២ម៉ឺនដុល្លារអាមេរិក។

លោក សួស សុខដារ៉ា បានមានប្រសាសន៍ទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នងនេះ បានមកពីការចំណាយថវិការបស់ លោកទេសរដ្ឋមន្ត្រី មាស សុភា ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងសប្បុរសជនជាច្រើនទៀត ផងដែរ។

លោកប្រធានក្រុមការងារថ្នាក់ខេត្ត បានបន្តទៀតថា ក្នុងនាមលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោកសូមសម្តែង នូវសមានចិត្តអរគុណ ចំពោះថ្នាក់ដឹកនាំបក្សប្រជាជន គ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកគូលែន ដែលកន្លងមកបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ដើម្បីបុព្វហេតុបក្ស និងធ្វើឲ្យបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន ឈ្នះលើការបោះឆ្នោត លើបក្សផ្សេងៗទៀត ប្រកបដោយជោគជ័យ។

លោក សួស សុខដារ៉ា បានក្រើនរំលឹកដល់មន្ត្រីបក្សទាំងអស់ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ត្រូវចេះជួយយកអាសារ និងដោះទុក្ខធុរៈប្រជាជន ឲ្យបានទាន់ពេលវេលា ត្រូវខិតខំបំពេញការងារបន្ថែមទៀត ដើម្បីគណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត នៅអាណត្តិក្រោយៗទៀត ព្រោះថា បក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងជាប្រធានបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេស រក្សាការពារបាន នូវសុខសន្តិភាព ដែលយើងគ្រប់គ្នា ទទួលបានមកដោយកម្រ ដូច្នេះ យើងត្រូវការពារសន្តិភាពនេះ ឲ្យបានជានិរន្តន៍៕