កូនឈេីប្រណិតប្រមាណ៧ម៉ឺនដេីម នៅក្នុងឧទ្យានរាជបណ្ឌិតសភាតេជោសែនឬស្សីត្រឹប បានរងការឆាបឆេះអស់ស្ទេីរគ្មានសល់ បេីទោះបីមន្ត្រីនៅទីនោះខិតខំការពារយ៉ាងណាក្ដី !

btshotnews
ខេត្តព្រះវិហារ៖ ភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ រាលដាល និងគ្រប់ដណ្តប់លើផ្ទៃដីព្រៃឈើជាង ២០០ហិចតា បណ្តាលឲ្យកូនឈើប្រណិតជាច្រើនប្រភេទ យ៉ាងហោច ៧ម៉ឺនដើម បានរងគ្រោះដោយសារភ្លើងព្រៃ ដែលការឆាបឆេះនោះ ត្រូវមន្ត្រីការពារឧទ្យានដាក់ការសង្ស័យថា អាចមានជនខិលខូចលួចដុតបំផ្លាញ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងជាង ១០ព្រឹក ថ្ងៃទី១៣មីនា ហើយអណ្តាតភ្លើងបានរលត់ទៅវិញ នៅម៉ោងជាង ៣រសៀលថ្ងៃដដែល និងរហូតមកដល់ល្ងាចថ្ងៃទី១៥មីនាឆ្នាំ២០២១ រងើកភ្លើងព្រៃ ក៏នៅមិនទាន់រលត់ទៅវិញទាំងស្រុងនៅឡើយដែរ។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប ត្រូវគេដឹងថា បានលាតសន្ធឹងលើផ្ទៃដីសរុប ១១ពាន់ ៤៣៥ហិចតា គ្រប់ដណ្តប់លើផ្ទៃដីព្រៃឈើ ៩១ភាគរយ នៃផ្ទៃដីសរុប មានទីតាំងនៅក្នុងមូលដ្ឋាន ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប លោក ជា សម្បត្តិ បានថ្លែងឲ្យដឹងថា កូនឈើប្រណិត បេង ធ្នុង នាងនួន ក្រញូង និងសុក្រំប្រមាណ ៧ម៉ឺនដើម ស្ថិតនៅលើផ្ទៃដីប្រមាណជាង ២០០ហិចតា បានរងការឆាបឆេះដោយអណ្តាតភ្លើងព្រៃ ក្លាយជាផេះផង់អស់ទៅហើយ។ ចំណែក មន្ត្រីឧទ្យានមានគ្នាចំនួនតិច មិនអាចជួយសង្គ្រោះកូនឈើប្រណិតទាំងនោះ ពីការឆាបឆេះបានឡើយ ប៉ុន្តែ ក្រុមមន្ត្រីបានខិតខំការពារគោលដៅបាន ៤ទីតាំងសំខាន់ៗ គឺរោងគោ ,ការិយាល័យកណ្តាល ,ទ្រុងប្រឺស និងទ្រុងជ្រូកព្រៃ។

លោក ជា សម្បត្តិ បានថ្លែងឲ្យដឹងទៀតថា លោកបានដាក់សង្ស័យ និងធ្វើការសន្និដ្ឋាន ៣ចំណុច ដែលបណ្តាលឲ្យភ្លើងព្រៃ ឆេះបំផ្លាញកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹបនេះ គឺអាចមកពីប្រជាពលរដ្ឋដើរចាប់កណ្តុរ «ការជក់បារីបោះចោលកន្ទុយក្នុងព្រៃ »ការដាក់អន្ទាក់ចាប់សត្វទទារ និងអាចមកពីអ្នកស្រុកមានការគំគួន ដោយសារក្រុមការងារឧទ្យាន បានចាប់អន្ទាក់សត្វ ,ចាប់គោយន្តដែលចូលកាប់ និងដឹកឈើនៅក្នុងដែនឧទ្យាន ហើយក្រុមមន្ត្រី បានហៅ ប្រជាពលរដ្ឋទាំងនោះ មកធ្វើកិច្ចសន្យាបញ្ឈប់ការចូលចាប់សត្វ ការបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ តទៅទៀត។

លោក ជា សម្បត្តិ បានបញ្ជាក់ថា ផ្ទៃដីព្រៃឈើដែលបានរងការឆាបឆេះ មានទំហំជាង ២០០ហិចតា ក្នុងនោះមានផ្ទៃដីដាំស្មៅទុកឲ្យគោស៊ី លាតសន្ធឹងទៅដល់ស្រះត្បែង ហៅ ស្រះមរកត មានជាង ៧ហិចតា និងឆេះវាលព្រៃឈើសម្តេចតេជោ ដែល«សម្តេចបានអញ្ជើញមកដាំកូនឈើប្រណិត នៅថ្ងៃទី១៨ឧសភា២០១៨» គឺកូនឈើបេង ធ្នុង ក្រញូង នាងនួន និងកូនឈើសុក្រំ ដោយមានការចូលរួមដាំកូនឈើ ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស និងនិមន្តចូលរួមពីព្រះសង្ឃ នៅក្នុងមូលដ្ឋាន រហូតដល់ទៅជាង ៣ពាន់ អង្គ/នាក់ផងនោះ កូនឈើសរុប ប្រមាណជាង ៧ម៉ឺនដើម បានរងការឆាបឆេះអស់ទាំងស្រុងនៅក្នុងពេលនោះ។ លោកបានបញ្ជាក់ទៀតថា ព្រៃឈើដែលរងការឆេះនៅក្នុងពេលនេះ លោកសង្ឃឹមថា ៥០ភាគរយនឹងរស់ឡើងវិញ នៅក្នុងរដូវវស្សាហ៍ឆ្នាំនេះ ហើយកូនឈើដែលងាប់ នឹងធ្វើការដាំជួសឡើងវិញ ហើយនឹងរកវិធីសាស្ត្រការពារមុខភ្លើង ,បន្តពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ពីសារសំខាន់ នៃការដាំស្មៅគោ និងការដាំដើមឈើ បើពុំនោះទេ នៅតែមានហានីភ័យ ពីការដុតបំផ្លាញព្រៃឈើនេះជាដដែល។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញឧទ្យាន និងកំពុងអាស្រ័យផលនៅក្នុងតំបន់ឧទ្យាន ឈប់ប្រព្រឹត្តអំពើល្មើសច្បាប់ នូវការកាប់ទន្ត្រានដីព្រៃឈើថ្មីៗ ការកាប់ឈើធ្វើជំនួញ ការបរបាញ់សត្វ និងការឆក់ត្រីនៅក្នុងតំបន់ឧទ្យាន តេជោសែនឬស្សីត្រឹបនេះតទៅទៀត។

គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១ពាន់ ៤៣៥ហិចតា ស្មើនឹង ១១៤,៣៥ គីឡូម៉ែតការ៉េ។ ឧទ្យានមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន ដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឲ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍។ល៕