ស្នងការនគរបាលខេត្ត បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគនិងថវិកាជិត២លានរៀលដល់មន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ !

btshotnews
ខេត្តព្រះវិហារ៖ នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកវរៈសេនីយ៍ឯក រស់ សុធី តំណាងស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាជិត ២លានរៀល ទៅឧបត្ថម្ភដល់មន្ត្រីនគរបាលម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នាថ្ងៃទី១៧ មីនា ឆ្នាំ២០២១នេះ។

លោកវរៈសេនីយ៍ឯក រស់ សុធី បានប្រាប់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងគិតគូខ្ពស់ពី ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា លោកស្នងការបានចាត់រូបលោក ដឹកនាំមន្ត្រីជាច្រើនរូប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន៖ ទឹកបរិសុទ្ធ ៤កេស , ទឹកដោះគោឆៅ ១កេស , ទឹកផ្លែឈើ ១កេស រួមនឹងថិកា ១លាន ៨សែនរៀល ក្នុងនោះ ថវិកា ១លានរៀល និងគ្រឿងបរិភោគ ជាអំណោយរបស់ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត និងថវិកា ៨សែនរៀល ជាការបរិច្ចាគរបស់ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ឯក រស់ សុធី បានបន្តឲ្យដឹងទៀតថា គ្រឿងឧបភោគ បរិភោគ និងថវិកាទាំងជិត ២លានរៀលនេះ ត្រូវបានប្រគល់ទៅឲ្យលោក អនុសេនីយ៍ឯក ផុន ផាន់ណា នាយរងផ្នែកប្រឆាំងបទល្មើសវិស្វកម្ម ស្ថាបត្យកម្ម និងវិនិយោគ ដែលកំពុងសម្រាកព្យាបាលជំងឺ វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។ លោកនាយការិយាល័យ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ឲ្យខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយពីរោគា នឹងបានវិលត្រឡប់ចូលបំពេញភារកិច្ច នៅក្នុងអង្គភាពវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក រស់ សុធី បានផ្តាំផ្ញើដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ សូមកុំភ្លេចរក្សាឲ្យបាន នូវការអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺត្រូវអនុវត្ត ៣កុំ និង៣ការពារ ,ត្រូវបន្តអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល គឺត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ទឹកជែល ឲ្យបានញឹកញាប់ និងជាប្រចាំ ត្រូវរក្សាគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស់ ឬក្រម៉ា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ ទាំងអស់គ្នា៕