ថៅកែហាងផឹកស៊ីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទបង្ខាំងមនុស្សដោយខុសច្បាប់ នៅខេត្តព្រះវិហារ !

btshotnews
ព្រះវិហារ៖ បុរសម្នាក់មានមុខរបរជាថៅកែហាងផឹកស៊ីឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។

លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែង ឱ្យដឹងនៅរសៀលថ្ងៃទី២២ខែមិនាឆ្នាំ២០២១នេះថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់ នៅទីតាំងខាងលើពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងបរិវេណទីតាំងហាងរបស់ខ្លួន។

លោកព្រះរាជអាជ្ញារង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មុនឈានដល់ការឃាត់ខ្លួនបុរសជាថៅកែហាងលុចសារី Beer រូបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់មិត្តភ័ក្រនារីរងរងគ្រោះ ដែលបានមកប្តឹងដល់តំណាងអយ្យការ ពីករណីដែលនារីរងគ្រោះជាមិត្តភ័ក្ររូបនោះឆាតប្រាប់តាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា រូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ»។

ក្រោយពីទទួលបានព័ត៌មានពីមិត្តភ័ក្រនារីរងគ្រោះរួច លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ ចុះទៅពិនិត្យ
មើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ ដែលបានចាក់សោពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។

លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យជាថៅកែហាង ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អ៊ិន ប៊ុន រឿង ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកនារីរងគ្រោះមានឈ្មោះ សួន ស្រីហៀង អាយុ២០ឆ្នាំ។

លោកបន្ថែមទៀតថា តាមដំណើររឿងនៃការឃាត់ខ្លួននេះ គឺដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោរនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ ប៉ុន្តែរឿងរ៉ាវលម្អិតយ៉ាងណានោះនឹងដឹងច្បាស់បន្ទាប់ពីបញ្ចប់ការសួរនាំរបស់សមត្ថកិច្ច៕