អាជ្ញាធរខេត្តព្រះវិហារ បន្តរឹតបន្តឹងរាល់ការធ្វេីដំណេីរឆ្លងកាត់ និងចេញចូលក្នុងដែនដីខេត្ត ដេីម្បីលេីកកម្ពស់សុខមាលភាពប្រជាពលរដ្ឋដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា !

btshotnews
ខេត្តព្រះវិហារ៖ ដើម្បីទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ និងការឈានទៅបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភះ ដែលកំពុងបន្តផ្ទុះឡើងគួរឲ្យព្រួយបារម្ភនោះ អាជ្ញាធរខេត្តព្រះវិហារ បានចាត់វិធានការតឹងរឹងបំផុត ដោយតម្រូវឲ្យអាជ្ញាធរស្រុក ដែលនៅជាប់ព្រំប្រទល់ខេត្ត និងខេត្តនីមួយៗ រួមគ្នាអនុវត្តតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងអនុវត្តឲ្យបានម៉ឹងម៉ាត់តាមវិធានការរបស់ ក្រសួងសុខាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ ដែលជាតំណាងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ នៅថ្ងៃទី០១ខែមេសា ម្សិលមិញ បានដឹកនាំមន្ត្រីក្រោមឱវាទ ក្រុមប្រឹក្សាស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យជំនាញ ចុះទៅកាន់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីបន្តពង្រឹងយន្តការត្រួតពិនិត្យលើគ្រប់មធ្យោបាយធ្វើដំណើរឆ្លងកាត់ និងចេញចូលក្នុងខេត្ត ចែកម៉ាស វាស់កំដៅ បាញ់សម្អាតដៃនឹងទឹកអាល់កុល និងបានពន្យល់ ណែនាំ អំពីការអនុវត្តវិធានការសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ ផងដែរ។

អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានថ្លែងឲ្យដឹងថា ក្រោមការអនុវត្តសេចក្តីណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាការចង្អុលបង្ហាញរបស់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អំពីការអនុវត្តវិធាន៣ការពារ ៣កុំ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរស្រុកបានដាក់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដើម្បីត្រួតពិនិត្យលើគ្រប់មធ្យោបាយយានយន្ត ដែលដឹកអ្នកដំណើរឆ្លងកាត់ និងចេញចូលក្នុងដែនដីខេត្ត មកពីខេត្តគោលដៅ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០កុម្ភះឆ្នាំ២០២១ ឬក៏សង្ស័យកើតរោគសញ្ញាជំងឺកូវីដ១៩ ដើម្បីណែនាំដល់ពួកគាត់ ដែលបានឆ្លងកាត់ខេត្តព្រះវិហារ។ លោកអភិបាលស្រុក បានបន្តថា ការអនុវត្តវិធានការ ៣ការពារ ៣កុំ និងវិធានការណែនាំរបស់ ក្រសួងសុខាភិបាល ដែលបានដាក់ប៉ុស្តិ៍ប្រចាំការ ត្រួតពិនិត្យនៅព្រំដែនខេត្តនាពេលនេះ គឺបានអនុវត្តយ៉ាងតឹងរឹង ក្រោយកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការត្រួតពិនិត្យនេះ នឹងបន្តអនុវត្តរហូតដល់ស្ថានការជំងឺកូវីដ១៩ បានធូរស្រាលមកវិញ។

លោក ហោ ប៊ុនហួរ បានថ្លែងឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកពីខេត្តនានា ចូលមកខេត្តព្រះវិហារ ក្រុមការងារបានត្រួតពិនិត្យ និងរកឃើញជាមធ្យមមានរថយន្ត ៣៥គ្រឿង និងចំនួនអ្នកធ្វើដំណើរប្រមាណ ចាប់ពី២០០នាក់ ទៅ៣០០នាក់ ក្នុងមួយថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធខេត្ត និងស្រុកដែលផ្ទុះជំងឺកូវីដ១៩ ហើយមានទីលំនៅ និងបានវិលចូលមករស់នៅក្នុងស្រុករវៀងវិញ អាជ្ញាធរស្រុក បាននាំពួកគាត់ទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ គឺមាន ៤៨នាក់ ក្នុងនោះអ្នកបានធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃ ចំនួន ៣៩នាក់ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងនៅសល់ ៩នាក់ ស្រី ៣នាក់ ក្នុងនោះជនជាតិចិន ៥នាក់ ដែលកំពុងបន្តធ្វើចត្តាឡីស័ក ក្នុងសុខភាពល្អប្រសើរជាធម្មតា។

អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា អាជ្ញាធរខេត្ត ក៏ដូចអាជ្ញាធរស្រុក នៅតែបន្តរឹតបន្តឹងលើការអនុវត្តវិធាការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ ក្រសួងសុខាភិបាល លុះត្រាណាជំងឺកូវីដ១៩ បានធូរស្រាល ឬឈានទៅបញ្ចប់ព្រឹត្តិការសហគមន៍ ២០កុម្ភះ តែទោះជាយ៉ាងណា ខេត្តព្រះវិហារ ក៏មិនទាន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩នេះ នៅឡើយដែរ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងតម្រូវឲ្យអនុវត្តតាមវិធានការសុខាភិបាល បានសម្តែងការពេញចិត្ត ចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយពួកគាត់បានចាត់ទុកថា ការអនុវត្តបែបនេះ ក៏ព្រោះតែអាជ្ញាធរបានគិតគូពីសុខមាលភាព និងចង់ឲ្យប្រជាពលរដ្ឋ ជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ៕