អភិបាលខេត្តព្រះវិហារ ដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះ នៅកណ្ដាលក្រុង បញ្ជៀសបានពីការរាលដាលដល់ផ្ទះអ្នកដទៃ និងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកដុតផ្ទះនោះហេីយ !

btshotnews
ខេត្តព្រះវិហារ៖ កងកម្លាំងសមត្ថកិច្ចទាំង៣ នៃខេត្តព្រះវិហារ ប្រមាណជាង ១០០នាក់ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលមានការចូលរួមពី អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនទៀត ត្រូវគេឃើញ បានចុះអន្តរាគមន៍ជួយពន្លត់ភ្លើង ដែលបានឆេះផ្ទះមួយខ្នងយ៉ាងសន្ធោរសន្ធៅ និងសមត្ថកិច្ចបានដាក់ការសង្ស័យថា អាចមកពីកូនប្រុសរបស់ម្ចាស់ផ្ទះ ដែលមានសតិមិនគ្រប់យកសាំងមកចាក់ដុត ដែលហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៦ និង៣០នាទីព្រឹក ថ្ងៃទី២២មេសាឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

នាយការិយាល័យនគរបាលបង្ការ ពន្លត់ និងសង្គ្រោះអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ ឡមមីដូ ម៉ូដេត បានឲ្យដឹងថា នៅក្នុងហេតុការភ្លើងឆេះផ្ទះនាថ្ងៃនេះ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំបញ្ជាកម្លាំងទាំង៣ ដើម្បីចុះអន្តរាគមន៍ជួយពន្លត់ភ្លើងដែលបាន និងកំពុងឆាបឆេះផ្ទះ១ខ្នង របស់ឈ្មោះ ស៊្រុន ផេង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ លោកបានបន្តថា ផ្ទះ ១ខ្នងនោះ សង់ក្នុងទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ សាងសង់ពីឈើ ដំបូលប្រក់ស៊ីប្រូ ជញ្ជាំងបាំងក្តារ បានរងការខូចខាតអស់ទាំងស្រុង បូករួមទាំងរថយន្តឡង់គ្រីស័រ ១គ្រឿង គ្រែដេកខ្នាតធំ ៥គ្រឿង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់នានា នៅក្នុងផ្ទះនោះ ផងដែរ។

លោកនាយការិយាល័យ បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលមានលោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ជាស្នងការ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង ក្នុងនោះ រថយន្តស្នងការដ្ឋាន ១គ្រឿង អធិការដ្ឋានស្រុកត្បែងមានជ័យ ១គ្រឿង និងអធិការដ្ឋានស្រុកគូលែន ១គ្រឿង ដោយប្រើប្រាស់ទឹកអស់ ៧រថយន្ត និងការប្រើប្រាស់កម្លាំងសរុប ចំនួន១១១នាក់។ លោកបានបញ្ជាក់ថា នៅក្រោយការឆាបឆេះផ្ទះនេះ សមត្ថកិច្ចបានរកឃើញពីមូលហេតុ គឺដោយសារកូនប្រុសម្នាក់ របស់ម្ចាស់ផ្ទះ ឈ្មោះ ស៊្រុន គឹមឆេង អាយុ ៤០ឆ្នាំ មានជំងឺប្រចាំកាយ គឺជំងឺសរសៃប្រសាទ បានយកសាំងមកចាក់ដុតផ្ទះនោះ រងការឆាបឆេះអស់ទាំងស្រុង បើទោះបីអាជ្ញាធរមានសមត្ថកិច្ច បានសហការគ្នាជួយពន្លត់ភ្លើងនោះ យ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី។ ហើយនៅក្នុងហេតុការនេះ អ្នកដុតផ្ទះបានរត់គេចខ្លួន ប៉ុន្តែ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះវិហារ តាមឃាត់ខ្លួនបាននៅក្រោយការកើតហេតុការប្រមាណ ១ម៉ោង និងខណៈនេះ ជនវិកលចរិក កំពុងស្ថិតក្រោមការពិនិត្យ និងតាមដានជំងឺ ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ចំពោះចំណាក់ការបន្តយ៉ាងនោះ មិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំទទួលលទ្ធផលពិនិត្យ និងការសម្រេច ពីថ្នាក់ដឹកនាំជាមុនសិន៕