អាជ្ញាធរខេត្តព្រះវិហារ នាំយកស្បៀងរបស់រាជរដ្ឋាភិបាលផ្ដល់ជូនសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តនិងរដ្ឋបាលស្រុក៣សម្រាប់ចែកជូនគ្រួសារអតីតយុទ្ធជនព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងបរិបទនៃការឆ្លងនៃជំងឺកូវីដ១៩

btshotnews
ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីខេត្ត នាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល ទៅឧបត្ថម្ភដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងការផ្តល់ជូនដល់រដ្ឋបាលស្រុក ចំនួន ៣ គឺស្រុកសង្គមថ្មី ស្រុកគូលែន និងស្រុកត្បែងមានជ័យ ដើម្បីបន្ដនាំយកទៅចែកជូន ដល់ជនងាយរងគ្រោះ នៅតាមសហគមន៍ ជាគ្រួសារអតីយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ នៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នេះ។ ពិធីចែកអំណោយនេះ បានធ្វើឡើងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាថ្ងៃទី៤ឧសភានេះ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា អាជ្ញាធរថ្នាក់ស្រុក ត្រូវនាំយកអំណោយជាស្បៀងអាហាររបស់ រាជរដ្ឋាភិបាល បន្តចែកជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកពាក់ព័ន្ធនឹងជីវភាពក្រីក្រ ឲ្យចំគោលដៅពិតប្រាក ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ និងមានការសាទរពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រីឯការចែកស្បៀងនោះទៀត អាជ្ញាធរត្រូវចុះទៅតាមផ្ទះនីមួយៗ ឬក៏ជាការប្រមូលផ្តុំ ដែលជាទ្រង់ទ្រាយតូចៗ ដោយគោរព និងអនុវត្តទៅតាមវិធានការរបស់ ក្រសួងសុខាភិបាល សំដៅធានាបានការចែកអំណោយនេះ ប្រកបដោយសមធម៌ និងមានតម្លាភាព។

លោកអភិបាលខេត្តព្រះវិហារ បានកោតសរសើរដល់មន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ និងមន្ត្រីថ្នាក់មូលដ្ឋាន នៅក្នុងការអនុវត្តសេចក្តីសំរេចរបស់ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដែលបានចូលរួមអនុវត្តគ្រប់ៗគ្នា នៅក្នុងយុទ្ធនាការចុះទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេស ការអនុវត្តតាមការវិធានការណែនាំនានារបស់ រាជរដ្ឋាភិបាល ក៏ដូច ក្រសួងសុខាភិបាល នូវវិធានការ ៣កុំ និង៣ការពារ។ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានជម្រុញអាជ្ញាធរភូមិ-ឃុំ ឲ្យបន្តតាមដានជាប្រចាំ ប្រសិនបើមានករណី លួចឆ្លងចូលមកក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ត្រូវរាយការណ៍ជាបន្ទាន់មកថ្នាក់ស្រុក ឬខេត្ត ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់ ទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ចំពោះអំណោយដែលផ្តល់ជូនដោយ រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២១នេះ តម្រូវផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ ក្នុងដំណាក់កាលការឆ្លងជំងឺកូវីដ១៩នេះ មានចំនួន ១ពាន់ ២៣០គ្រួសារ ដោយក្នុងគ្រួសារនីមួយៗ ទទួលបានអង្ករ ,ត្រីខកំប៉ុង ,មីខ្លាឃ្មុំ ,ទឹកស៊ីអ៊ីវ ,ទឹកត្រី ,កន្ទេល និងក្រម៉ា។ ដោយឡែក កាលពីឆ្នាំ២០២០ កន្លងមកនេះ ប្រជាពលរដ្ឋខេត្តព្រះវិហារ ចំនួន ១ពាន់ ៣៨១គ្រួសារ ដែលទទួលបានស្បៀងអាហារ ពីរាជរដ្ឋាភិបាល ផងដែរ៕