ប្រជាពលរដ្ឋជាង១០០០គ្រួសារ ក្នុងខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំទទួលបានអំណោយពីសប្បុរសជន សម្រាប់ទ្រទ្រង់ជីវភាព

btshotnews
កំពង់ធំ៖ គ្រួសារជនងាយរងគ្រោះ ជនចាស់ជរា និងជនពិការសរុប ១,០២០គ្រួសារ នៅក្នុងខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ខាន់ ខុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត។

ការចែកអំណោយជូនប្រជាពលរដ្ឋទាំងពីរខេត្តខាងលើ ដែលបានធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក ខាន់ ខុន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។

លោក ខាន់ ខុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីចូលរួមក្នុងការដោះស្រាយជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តផងដែរ។

លោកបានបន្ថែមថា អំណោយទាំងអស់នេះបានមកពីរការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស បរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាមរយៈលោកផ្ទាល់ ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជា ទៅតាមលទ្ធភាពដែលមានក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺដើម្បីទប់ស្កាត់ការពារកុំឱ្យមានការរីករាលដាលមេរោគកូវីដ-១៩។

លោក ខាន់ ខុន ក៏បានជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តវិធានការពារនិងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ពិសេសបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម និងចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត ដែលបាននាំយកអំណោយមកចែកជូនក្នុងគ្រាដែលជួបការលំបាកនេះ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយនោះ រួមមាន៖ ខេត្តកំពង់ធំ មានក្រុងស្ទឹងសែន ១៤០គ្រួសារ, ស្រុកតាំងគោក ១៤០គ្រួសារ, ស្រុកស្ទោង ១៤០គ្រួសារ, ស្រុកកំពង់ស្វាយ ៧០គ្រួសារ, ស្រុកប្រាសាទបល្ល័ង្ក ៧០គ្រួសារ, ស្រុកសន្ទុក ៧០គ្រួសារ, ស្រុកបារាយណ៍ ៧០គ្រួសារ។ រីឯខេត្តត្បូងឃ្មុំ មានស្រុកត្បូងឃ្មុំ ៣២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ៕