ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ផ្ទះ២៥ខ្នង ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារសម្រាប់ផ្ដល់ជូនអតីតយុទ្ធជននិងគ្រួសារបានរស់នៅសមរម្យ

btshotnews
ខេត្តព្រះវិហារ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវគេឃើញ សម្តេចបានរកយន្តការក្នុងការដឹកនាំប្រទេស ឲ្យរីកចម្រើនរុងរឿង ដូចអារ្យប្រទេសនានា នៅលើសកលលោក និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យចាកផុតពីភាពក្រីក្រ។ មិនតែប៉ុណ្ណោះ អតីតយុទ្ធជន ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ហើយធ្លាក់ខ្លួនពិការអវៈយវៈ កាលពីក្នុងអំឡុងសម័យសង្គ្រាមនោះ ខណៈនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល តាមរយៈការផ្តល់ដី សង់ផ្ទះជូនដល់អតីតយុទ្ធជនណា ដែលគ្មានដី និងគ្មានផ្ទះរស់នៅពិតប្រាកដ ដើម្បីទុកជាការតបស្នង និងការកែច្នៃឲ្យជីវភាពល្អប្រសើរនៅក្នុងសង្គម។

សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា លោក ច័ន្ទ លំផាត់ នៅព្រឹកថ្ងៃទី២៥ខែឧសភានេះ បានដឹកនាំគណៈប្រតិភូ និងមានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ លោក គោស៊ុំ ប៊ុនសឿត មន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដើម្បីធ្វើពិធីប្រគល់ផ្ទះ២៥ខ្នង ជូនដល់អតីតយុទ្ធជន ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានរាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានកសាងផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនខេត្ត បានចំនួន ៣ខ្នង ដោយចំណាយថវិកាអស់ ចំនួន ៣១លានរៀល ក្នុងនោះ រួមមាន៖ ផ្ទះត្រូវបានសង់ឡើងនៅក្នុងស្រុកជាំក្សាន្ត ១ខ្នង ស្រុកជ័យសែន ១ខ្នង និងនៅក្នុងស្រុកត្បែងមានជ័យ ១ខ្នង ក្រោយការសង់រួចផ្ទះទាំងនោះ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន ដែលមានជីវភាពទីទ័លក្រ និងគ្មានទីជំរកសមរម្យ និងនៅខណៈនេះទៀត សម្តេចតេជោ បានប្រគល់ផ្ទះ ២៥ខ្នងទៀត និងដីគោលនយោបាយ ជូនដល់អតីតយុទ្ធជន សម្រាប់រស់នៅ និងការបង្កបង្កើនផល ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ ឲ្យបានល្អប្រសើរ។

សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា លោក ច័ន្ទ លំផាត់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក ច័ន្ទ លំផាត់ មានប្រសាសន៍ទៀតថា ទោះបីជាស្ថិតក្នុងកាលៈទេសៈ ដែលសង្គមជាតិជួបវិបត្តិជម្ងឺកូវីដ១៩ យ៉ាងណាក្តី តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្តយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះសម្បែង និងការឧបត្ថម្ភនានា ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឥតមានការអាក់ខាននោះឡើយ ហើយសូមឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ដើម្បីមើលការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ ជាបន្តទៀត។

អតីតយុទ្ធជន និងគ្រួសារ ដែលទទួលបានផ្ទះ សម្រាប់ការស្នាក់អាស្រ័យ និងដីគោលនយោបាយសម្រាប់ការដាំដុះដំណាំកសិកម្ម ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាពេលនេះ បានសម្តែងក្តីរំភើបរីករាយ និងបានជូនពរដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ ទទួលបានសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចចំពោះមុខជានិច្ច។

បន្ទាប់មក លោក ច័ន្ទ លំផាត់ បានដឹកនាំគណៈប្រតិភូ ប្រគល់ផ្ទះ ២៥ខ្នង ជូនដល់អតីតយុទ្ធជន ២៥គ្រួសារ ក្នុងនោះ គ្រួសារនីមួយៗ ទទួលបានការឧបត្ថម្ភបន្ថែម នូវថវិកា ៤ម៉ឺនរៀល ,អង្ករ ៣០គីឡូក្រោម ,មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអីវ ១យួរ ថែមទៀតផង៕