អាគារនៃមន្ទីរពិសោធន៍១ខ្នង តម្លៃជាង៦ម៉ឺនដុល្លារអាមេរិច ជាគម្រោងមូលនិធិស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្នុងខេត្តព្រះវិហារ

btshotnews
ព្រះវិហារ៖ អគារនៃមន្ទីរពិសោធន៍១ខ្នង មានតម្លៃ ៦២,០៨១.០៩ដុល្លារអាមេរិច ដែលជាគម្រោងរបស់មូលនិធិស្ថានទូតសាធារដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្រោមការសម្របសម្រួលពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ មណ្ឌលព្រះវិហារ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ហើយ នាវេលាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦មករា ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារនៃមន្ទីរពិសោធន៍នេះ ស្ថិតក្រោមវត្តមានលោក សួស យ៉ារ៉ា ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងគ្រានោះលោក សួស យ៉ារ៉ា បានលើកឡើងថា អគារពិសោធន៍ដែលបានបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើង ព្រោះមិនបាច់ចំណាយពេលវេលា ចំណាយថវិកាទៅទទួលសេវានៅរាជធានីភ្នំពេញ ឬក៏ខេត្តផ្សេងៗ។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំទៅមន្ទីរសុខាភិបាលខេត្ត ពេលដែលអគារពិសោធន៍នេះដំណើរការ ត្រូវគិតគូរពីតម្លៃសេវាសមរម្យណាមួយ ដែលអាចឱ្យប្រជាពលរដ្ឋលោកមានលទ្ធភាព និងសមត្ថភាពបង់បាន ដើម្បីឱ្យអគារមន្ទីរពិសោធន៍នេះមានដំណើរការល្អ។

លោក សួស យ៉ារ៉ា បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសចាត់ទុកចិនជាមិត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប៉ុន្តែមិនមែនមានតែចិនមួយទេ គឺយើងមានមិត្តច្រើនណាស់ ប៉ុន្តែតើមិត្តណាផ្តល់ផល ប្រយោជន៍ឱ្យយើងលើផ្នែកអ្វី? ប៉ុន្តែមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពពិសេស ដែលកសាងតាំងពីសម័យសម្តេច នរោត្តម សីហនុ មក ហើយយើងនៅតែបន្តប្រពៃណីនេះ ហើយមិត្តភាព និងសហប្រតិបត្តិការនេះ គឺបានផ្តល់ផលប្រយោជន៍ជាច្រើន ហើយចិន បានបង្កើតគំនិតនៅក្នុងគម្រោងគឺ «សុខភាពផ្លូវសូត្រ» ដែលបានជួយកសាងមន្ទីរពេទ្យជាច្រើនហើយ។

អ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា បានបញ្ជាក់ថា ឥឡូវនេះយើងមានមិត្ត២ សម្រាប់សុខភាព នៅក្នុងខេត្តព្រះវិហាររបស់យើងគឺទី១. មិត្តចិន និងទី២. មិត្តកូរ៉េខាងត្បូង។ លោកថាខេត្តព្រះវិហា មានសាមគ្គីភាពខ្លាំងណាស់ ហើយផ្តល់អាទិភាពជាធំទៅតាមគោលគំនិតរបស់សម្តេចតេជោ ហ៊ុន សែន គឺសុខភាពប្រជាជនជាបឋម។ លោកនឹងខិតខំបន្តទៀតជាមួយមិត្តចិន និងមិត្តកូរ៉េ ដើម្បីពង្រីកវិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហារ ឱ្យកាន់តែប្រសើរថែមទៀត៕