អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ប្រកាសទិញស្រូវទាំងអស់ពីខេត្តព្រះវិហារ ប្រសិនបេីខ្វះទីផ្សារ

btshotnews
ព្រះវិហារ៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្តមណ្ឌលព្រះវិហារ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសទិញស្រូវសរីរាង្គពីខេត្តព្រះវិហារទាំងអស់ ក្នុងករណីដែលគ្មានទីផ្សារ។

ការប្រកាសបែបនេះរបស់លោក សួស យ៉ារ៉ា ក្នុងគ្រាដែលលោកអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធ៍១ខ្នង ដែលជាគម្រោងមូលនិធិស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក សួស យ៉ារ៉ា បានប្រាប់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារថា ចំពោះស្រូវសិរីរាង្គរបស់ប្រជាកសិករនៅក្នុងខេត្ត បើសិនជាខ្វះទីផ្សារពេលណា គ្រួសារភរិយារបស់លោក ទទួលជាទីផ្សារទិញទាំងអស់ អត់ឲ្យសល់ ឬក៏អ្នកណាមកចលនាថោកថ្លៃបានទេ អ្នកណាមិនទិញសល់ប៉ុន្មានគឺយកទៅរោងចក្ររបស់លោកនៅខេត្តបាត់ដំបងទាំងអស់ គឺលោកទទួល១០០%អត់ឲ្យខ្វះទេ។

អ្នកតំណាងរាស្ត្ររូបនេះ បានបញ្ជាក់ទៀតថា ម៉ាស៊ីនកិនស្រូវរបស់លោក មានបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បច្ចេកវិទ្យាសម្ងួតរបស់កូរ៉េ ហើយមានទីផ្សារនៅប្រទេសចិន សម្រាប់ការនាំចេញ។ លោកថា រោងម៉ាស៊ីនកិនស្រូវរបស់លោកអាចធ្វើបាន ៥ម៉ឺនតោនក្នុងមួយឆ្នាំទៀតផង ដែលនេះជាដំណឹងរីករាយមួយសម្រាប់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ៕