ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្ដាក់ ១២គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលអំណោយពីលោកស្រី ឃួន ឃិនឌី សមាជិកព្រឹទ្ធសភា

btshotnews
កំពង់ធំ៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ រួមទាំងសហការី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១២គ្រួសារ ស្ថិតនៅក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុនឌី បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កឱ្យមានការរបើកដំបូល និងបង្កឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ព្រមទាំងរងរបួសជាច្រើននាក់ បង្កដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។

លោកស្រី ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះទាន់ពេលវេលា។

លោកស្រី ឃួន ឃុនឌី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តវិធានការ «៣ការពារ និង៣កុំ និង ២ចូលរួម» ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសារណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ខ្សែចម្លង កុំឱ្យជំងឺកូវីដ១៩ ដែលជាឃាតកគ្មានស្រមោលដ៏កាចសាហាវឆ្លងចូលគ្រួសារ និងសហគមន៍។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១៖៤០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និងរបួស០៣នាក់ រលំរបើកដំបូលក្បឿង ដំបូលសង្កសីទាំងស្រុងចំនួន១២គ្រួសារ និងរបើកបន្តិចបន្តួចជាច្រើនខ្នង។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង១២គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, សារ៉ុង១ ក្រមា១ និង១០ម៉ឺនរៀល ដោយឡែកគ្រួសារដែលបានបាត់បង់ជីវិតទទួលបានថវិកា ២០ម៉ឺនរៀល៕