សមត្ថកិច្ចខេត្តព្រះវិហារ បញ្ជូនជនសង្ស័យជាតិឡាវ២នាក់រួមនឹងថ្នាំញៀនជិត៥គីឡូក្រាមនិងថ្នាំញៀនជាង២០០គីឡូក្រាមត្រូវបានប្រគល់ឲ្យ មន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការដ្នាននគរបាលជាតិ

btshotnews
ខេត្តព្រះវិហារ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះឃាត់ខ្លួនជនសង្ស័យជាតិឡាវ ២នាក់ ដកហូតបានថ្នាំញៀនជិត ៥គីឡូក្រាម កាលពីម៉ោង ១០ និង៣២នាទី ថ្ងៃទី១៦មិថុនាឆ្នាំ២០២១ នៅតាមផ្លូវទឹក ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប។ និងនៅរសៀលថ្ងៃទី១៧មិថុនាឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញខេត្ត បានបញ្ជូនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជិត ៥គីឡូក្រាមនោះ ទៅកាន់តុលាការខេត្តព្រះវិហារ នោះហើយ។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ ដែលជាស្នកការនគរបាលខេត្តព្រះវិហារ បានឈានទៅបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយចាប់ខ្លួនជនជាតិឡាវចំនួន ២នាក់ និងរឹបអូសគ្រឿងញៀនបានជិត ៥ គីឡូក្រាម ថែមទៀតផង។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបជំនួញគ្រឿងញៀនឆ្លងដែនពីឡាវ ចូលមកកម្ពុជា នៅក្នុងពេលនេះ ក៏មានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ ផងដែរ ដោយជួយសម្រួលដល់កម្លាំងសមត្ថកិច្ច ក្នុងការបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពី ប្រទេសឡាវ ចូលមកខេត្តព្រះវិហារ កម្ពុជា តាមផ្លូវទឹក ក្នុងភូមិសាស្ត្រស្រុកឆែប។

លោកស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុរសជនជាតិឡាវ ២នាក់ ម្នាក់ ឈ្មោះមូន វ័ឡាប៊ូត «MOUAN VORLABOUD» អាយុ ៣៧ឆ្នាំ និងម្នាក់ទៀត ឈ្មោះ កែវ ថា អាយុ ៣៧ឆ្នាំ ជនសង្ស័យជួញដូរគ្រឿងញៀនទាំង ២នាក់ រស់នៅក្នុងប្រទេសឡាវ និងនៅក្រោយការឃាត់ខ្លួនរួច កម្លាំងសមត្ថកិច្ចនគរបាល បានរឹបអូសបានសារធាតុញៀនប្រភេភទមេតំហ្វេតាមីន (ICE) ម៉ាទឹកកក ចំនួន ៥កញ្ចប់ធំ និងមានទម្ងន់ ៤ គីឡូក្រាម និង ៩៨៨.៨៤ក្រាម និងដកហូតទូកម៉ាស៊ីន ១គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនតាមផ្លូវទឹក។

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចនីតិវិធី សាកសួរ និងចងក្រងសំណុំរឿងរួច នៅរសៀលថ្ងៃទី១៧មិថុនាឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលជំនាញ បានបញ្ជូនជនសង្ស័យជាតិឡាវទាំង ២នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមានទម្ងន់ជិត ៥គីឡូក្រាម ទៅកាន់តុលាការខេត្ត ចាត់ការបន្តតាមច្បាប់ នោះហើយ។

ដោយឡែក ថ្នាំញៀនជាង ២០០គីឡូក្រាម «២០០គីឡូក្រាម និង៥៣៦ក្រាម» និងជនសង្ស័យ ២នាក់ ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ក្រាបបានកាលពីថ្ងៃទី២៦កក្កដាឆ្នាំ២០២០ នៅចំណុចផ្លូវទឹក ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កន្លងទៅនេះ និងជនសង្ស័យទាំង ២នាក់ រួមទាំងថ្នាំញៀនជាង ២០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅកាន់ តុលាការខេត្តព្រះវិហារ កាលពីថ្ងៃទី១សីហាឆ្នាំ២០២០ កន្លងទៅនេះ ក៏ត្រូវបានប្រគល់ជូន កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅក្នុងថ្ងៃទី១៧មិថុនាឆ្នាំ២០២១នេះផងដែរ ដើម្បីនាំយកទៅកាន់ក្រសួងយុត្តិធម៌ ចាត់ការតាមនីតិវិធីច្បាប់ ៕