ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធី «រុក្ខទិវា» នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនឹងយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា» ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ព្រះរាជពិធីនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេច លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងប្រមុខ ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងវត្តមានរបស់សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិមួយចំនួនរស់នៅជិតតំបន់នោះទៀតផង។

ដើម្បីអបអរ «រុក្ខទិវា» ៩កក្កដា នៅក្នុងឆ្នាំ២០១៩នេះ កូនឈើកម្រ និងប្រណិតចំនួន១៣១៣៥ដើម នឹងត្រូវដាំលើផ្ទៃដីសរុប១០ហិកតា ដែលក្នុងនោះ រួមមាន៖ កកោះ ៣០០០ដើម , អង្កាញ់ ៤៥០០ដើម, ធ្នង់ ៣០០០ដើម ,គ្រញូង ២០០០ដើម, ធ្នង់ដើមធំមានកម្ពស់ជាង ២ម៉ែត្រ ចំនួន ៦០០ដើម និង គគីរដើមធំ មានកម្ពស់ជាង២ម៉ែត្រ ចំនួន ៣៥ដើម។

គួជម្រាបថា រុក្ខទិវា ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទីឱ្យចូលរួម ដាំឈើថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករ ទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងនៃកូនចៅជំនាន់ក្រោយៗ ទៀតតរៀងទៅ៕