សាលាដំបូងខេត្តព្រះវិហារ ផ្អាកការកោះហៅចូលឆ្លើយបំភ្លឺនិងនិតិវិធីផ្សេងៗពីស្រុកជាំក្សាន្ត ជាបណ្ដោះអាសន្នដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩

btshotnews
ព្រះវិហារ៖ សាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងពីការផ្អាកការកោះហៅ ការចូលឆ្លើយបំភ្លឺនិងនីតិវិធីផ្សេងៗទៀតពីស្រុកជាំក្សាន្ត មកកាន់សាលាដំបូងខេត្តជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តព្រះវិហារ ដែលអ្នកយកព័ត៏មានយើងទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ។

ការសម្រេចចេញសេចក្តីជូនដំណឹងឱ្យផ្អាកជាបណ្តោះអាសន្នចំពោះការកោះហៅឱ្យចូលឆ្លើយបំភ្លឺនិងនីតិវិធីផ្សេងៗទៀតពីស្រុកជាំក្សាន្ត របស់សាលាដំបូងខេត្តព្រះវិហារនាពេលនេះបន្ទាប់ពីលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់និងកំណត់ស្រុកជាំក្សាន្តស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារជាតំបន់ក្រហមដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី Delta។

សាលាដំបូងខេត្តបានឱ្យដឹងថា៖ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានឆ្លងរីករាលដាលគួរឱ្យកត់សម្គាល់ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ «សម្រេចផ្អាកនីតិវិធីកោះហៅការចូលឆ្លើយបំភ្លឺនិងនីតិវិធីផ្សេងៗមួយចំនួនទៀតពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាបណ្តោះអាសន្ន» ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មីបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលនិងប្រសើរឡើងវិញ។

សាលាដំបូងខេត្ត បានបញ្ជាក់ថាដោយឡែកពាក់ព័ន្ធនឹងសំណុំរឿងជាក់ស្តែងឬនីតិវិធីដែលចាំបាច់មួយចំនួនទៀតសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះវិហារនឹងចាត់ការជាក់ស្តែងតាមករណីនីមួយៗដោយគោរពតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា ស្រុកជាំក្សាន្ត ត្រូវបានអាជ្ញាធរខេត្តចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន និងកំណត់ជាតំបន់ក្រហម។ដោយអនុវត្តន៍ពីថ្ងៃទី៦ខែសីហាដល់ថ្ងៃទី២០ខែសីហា ឆ្នាំ២០២១៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តព្រះវិហារ
ដោយ: គង់ វុទ្ធី