សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបនិងរឹបអូសបានឈេីរាប់សិបកំណាត់ ដែលក្រុមឈ្មួញដឹកជញ្ជូនពីដែន យកមកស្តុកទុក ត្រៀមដឹកចេញយកទៅធ្វើជំនួញ ដោយផ្កេីននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល !

btshotnews
ខេត្តព្រះវិហារ៖ បទល្មើសព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងដែនព្រៃអភិរក្ស នៃខេត្តព្រះវិហារ គេនៅតែសង្កេតឃើញថា នៅតែរងការកាប់បំផ្លិចបំផ្លាញ អារ ពុះនិងជ្រៀកជាស៊ីឡាំង៤ជ្រុង ពីអ្នកស៊ីឈ្នួលកាប់ឈើលក់ឲ្យឈ្មួញមួយក្រុមតូច ដែលមានលុយ និងមានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយ ដើម្បីដឹកជញ្ជូនយកទៅធ្វើជំនួញ ដោយផ្គើនទៅនឹងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នៅក្នុងសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ ដ៏គឃ្លើន ពីសំណាក់ឈ្មួញមួយក្រុមតូចទាំងនោះ បានញ៉ាំងឲ្យនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម ដឹកនាំមន្ត្រីផ្នែកព្រៃឈើរវៀង សហការណ៍ជាមួយ កម្លាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានជាច្រើនរូប បានចុះបង្ក្រាប និងរឹបអូសបានឈើជ្រុងរាប់សិបកំណាត់ និងឧបករណ៍កែច្នៃឈើមួយចំនួន នៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃ និងធនធានធម្មជាតិនេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង ក្រោយពីមានសេចក្តីរាយការណ៍ថា មានឈ្មួញមួយក្រុមតូច បានធ្វើសកម្មភាពប្រើប្រាស់រថយន្តទំនើបៗ ចូលដឹកជញ្ជូនឈើនៅក្នុងតំបន់ខាងលើនោះ យ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃនោះរួចមក។

លោក នួន សុខុម បានឲ្យដឹងទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍នោះភ្លាម កម្លាំងរដ្ឋបាលព្រៃឈើខេត្ត បានសហការណ៍ជាមួយ កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំស្តៅ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលជាច្រើនរូប បានចុះទៅកាន់ទីតាំងស្តុកទុកឈើ ៣ ទៅ៤ទីតាំង និងបានរកឃើញសុទ្ធតែឈើជ្រុង ប្រភេទឈើឈ្លីករាប់សិបកំណាត់ ហើយក៏បានធ្វើការរឹបអូស និងដឹកជញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមច្បាប់។

ដោយឡែក ឈ្មួញមួយក្រុមផ្សេងទៀត ដែលគេស្គាល់ថា ជាក្រុមឈ្មោះ ភ័ក្ត្រ នៅខេត្តកំពង់ធំ បានប្រើប្រាស់រថយន្តស៊េរីទំនើបៗ ប្រមាណ ៨គ្រឿង ចូលមកដឹកជញ្ជូនឈើ នៅក្នុងភមិសុច និងភូមិតាសែង ស្រុកសង្គមថ្មី អស់រយៈពេលជាយូរមកហើយនោះ ខណៈនេះត្រូវបានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដាក់កម្លាំងចាំស្ទាក់ចាប់ និងបង្ក្រាបក្រុមឈ្មួញឈើទាំងនេះ មានរយៈពេលជាច្រើនយប់មកហើយ និងរហូតមកដល់ពេលនេះ មន្ត្រីឧទ្យានុរក្សនៅតែបន្តកិច្ចការងាររបស់ខ្លួន ដើម្បីបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ដែលផ្គើននឹងបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យខាងតែបាន ដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើ ដែលនៅសេសសល់ចុងក្រោយនេះ ឲ្យបានគង់វង្ស៕