សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបជំនួញឈេីខុសច្បាប់ រឺបអូសឈេីជ្រុងបានជាង១៦០កំណាត់ រីឯជនប្រព្រឹត្តបទល្មេីស បានរត់គេចខ្លួនដោយសុវត្ថិភាព !

btshotnews
ខេត្តព្រះវិហារ៖ សកម្មភាពកាប់ និងដឹកជញ្ជូនឈើធ្វើជំនួញល្មើសច្បាប់ ពីឈ្មួញមួយក្រុមតូច ដែលគេសង្ស័យថា មានខ្នងបង្អែកធំៗនៅពីក្រោយនោះ កំពុងតែបន្តយ៉ាងគឃ្លើន នៅលើដែនដីស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានផ្ទៃដីព្រៃឈើ លាតសន្ធឹងល្វឹងល្វើយ ជាប់នឹងដែនអភិរក្សភ្នំត្នោត-ភ្នំពក ដែលជាដែនជម្រកសត្វព្រៃ និងជីវចម្រុះ ការពារដោយកម្លាំងឧទ្យានុរក្ស និងការពារដោយជនបរទេស។

ក្រោយទទួលបានការរាយការណ៍ អំពីសកម្មភាពកាប់ និងដឹកជញ្ជូនឈើយកមកស្តុកទុក ដើម្បីដឹកបន្តយកទៅធ្វើជំនួញ ពីឈ្មួញមួយក្រុតូចនោះមក ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ផ្នែករវៀង បានសហការជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប និងរឹបអូសឈើជ្រុងបាន ១៣៧កំណាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិតាសែងកណ្តាល ឃុំរណសិរ្ស និងនៅថ្ងៃទី១៩សីហានេះ សមត្ថកិច្ច ក៏បានបន្តចុះបង្ក្រាប ទីតាំងស្តុកទុកឈើ ១កន្លែងទៀត នៅចំណុចប្រឡាយកូនស្ពាន ស្ថិតនៅខាងកើត ភូមិតាសែងស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី បាន ២៨កំណាត់ បន្ថែមទៀត។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹង នៅថ្ងៃ១៩សីហានេះថា នៅក្នុងប្រតិបត្តិការចុះឆ្មក់ចាប់ការសន្និធិផល – អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើនាពេលនោះ បានធ្វើឡើងក្រោមកិច្ចសហការណ៍គ្នា រវាងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សមត្ថកិច្ចជាច្រើនអង្គភាពទៀត និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលពី លោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ។

លោក នួន សុខុម បានបន្តថា នៅក្នុងកិច្ចសហការណ៍រួមគ្នានេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត បានឈានទៅរឹបអូសឈើអារ ប្រភេទលេខ១ គឺឈើឈ្លីក បានចំនួន ១៦៥កំណាត់ នៅក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨សីហា រឹបអូសបាន ១៣៧កំណាត់ និងនៅថ្ងៃទី១៩សីហានេះ រឹបអូសបាន ១៨កំណាត់ថែមទៀត ដែលប្រព្រឹត្តដោយជនល្មើសអញ្ញាតជន«ជនមិនស្គាល់អត្តសញ្ញាណ» ដោយនៅកន្លែងកើតហេតុ ជនល្មើសបានរត់គេចខ្លួនបាត់ នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបង្ក្រាប។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានបញ្ជាក់ថា ក្រោយការបង្ក្រាប និងរឹបអូសឈើទាំង ១៦៥កំណាត់ ដែលជាវត្ថុតាងបទល្មើសនោះ ត្រូវបានកម្លាំងផ្នែក និងសង្កាត់ព្រៃឈើ បានដឹកជញ្ជូនយកទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីវាស់វែង និងចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់។ លោកបានបញ្ជាក់ទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីបន្តចុះបង្ក្រាបគ្រប់សកម្មភាពរបស់ក្រុមឈ្មួញ ដែលបានប្រមូលទិញ និងដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលការបង្ក្រាបនេះ នឹងមិនធ្វើឡើងតែនៅស្រុកសង្គមថ្មី ប៉ុណ្ណោះទេ គឺនៅក្នុងតំបន់ណាដែលកើតមានបទល្មើសព្រៃឈើ ត្រូវតែបន្តបង្ក្រាបឲ្យខាងតែបាន ដោយអនុវត្តច្បាប់ព្រៃឈើ និងទៅតាមគោលការថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា៕