ស្នងការនគរបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃចំនួន២០វត្ត ទូទាំងស្រុកគូលែន !

btshotnews
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្ត ចុះជួយស្រុកគូលែន នាវេលាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកទេយ្យទាន និងទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២០វត្ត ស្ថិតក្នុងបរិវេណវត្តពោធិ៍ ៥,០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្នងការ ក៏បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកតា លោកយាយ ព្រមទាំងប្រជាពលរដ្ឋបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិ ហើយរស់នៅក្នុងសង្គមមួយដោយសុខដុមរមនាក្រោមបរិយាកាសសុខសន្តិភាព។ រៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែថ្នាក់ដឹកនាំគ្រប់ៗរូបនៅតាមអង្គភាពរដ្ឋនានា តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យពុទ្ធសាសនា។

ជាមួយគ្នានេះដែរ លោក សួស សុខដារ៉ា បានក្រើនរំឮកប្រជាពលរដ្ឋឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទី៣ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ពីព្រោះគ្មានប្រទេសណាដែលផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូចកម្ពុជានោះទេ ដោយសារតែយើងមានថ្នាក់នាំដ៏ឈ្លៀសវៃ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ប្រការនេះហើយទើបយើងអាចជួបជុំគ្នាប្រារព្ធពិធីតាមបែបសាសនាយ៉ាងសប្បាយរីករាយនាថ្ងៃនេះ។

សូមជម្រាបថា ទេយ្យទាន រួមជាមួយសម្ភារៈ បរិក្ខាបច្ច័យ ប្រគេនព្រះសង្ឃទាំង២០វត្តនាពេលនេះ គឺក្នុងមួយវត្តៗទទួលបាន ៖ទៀនព្រះវស្សា០១គូរ, ស្លាដក់០១, អង្ករ៥០គីឡូក្រាម, មី០១កេស, ទឹកសុីអុីវ០១យួរ, ត្រីខ០១យួរ, សៀងចំនួន៥លីត្រ, ទឹកសុទ្ធ៩យួរ និងបច្ច័យ ២០០,០០០រៀល និងជូនជនពិការចំនួន៦០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម, មី០១កេស, ទឹកសុីអុីវ០១យួរ ទឹកបរិសុទ្ធ០១យួរ, តែ០១កញ្ចប់, ស្ករស០១គីឡូក្រាម និងថវិកា ៣០,០០០រៀល និងជូនតាជី យាយជី ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ាចំនួន០១ និងថវិកា ១០,០០០រៀលផងដែរ៕