រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្ន ចំពោះគ្រោះមហន្តរាយទឹកជំនន់ !

btshotnews
ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃ១៥ខែសីហាម្សិលមិញ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេស ប្រជាពលរដ្ឋដែលរស់នៅប្រកបរបរនឹងដងស្ទឹងសែន មាត់ទន្លេមេគង្គ និងនៅតាមតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងស្វែងរកទីទួលមានសុវត្ដិភាពដែលនៅជិត ចៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

នៅក្នុងសេចក្តីជូនដំណឹងដដែលនោះ បានបន្តថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ សូមមេត្តារាយការណ៍ និងផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជាធរភូមិ ឃុំ-សង្កាត់ ស្រុក-ក្រុង និងអាជ្ញាធរខេត្តជាបន្ទាន់ ដើម្បីមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្រ្គោះឲ្យបានទាន់ពេលវេលា។

សេចក្តីជូនដំណឹងដដែលនោះ បានបញ្ជាក់ថា ដោយផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្តីពីស្ថានភាពអាកាសធាតុ ជ្រលងសម្ពាធទាបឥណ្ឌា និងរំកិលធ្លាក់ចុះមកជាមួយនឹងសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដែលភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

រដ្ឋបាលខេត្ត បានបញ្ជាក់ទៀតថា លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ភ្លៀងនឹងបង្កធ្លាក់គ្រប់ទីកន្លែងជាបន្តបន្ទាប់ពីកម្រិតតិចទៅបង្គួរ និងច្រើនដោយអន្ទើ។

ស្ថិតក្នុងស្ថានភាពបែបនេះ ខេត្តព្រះវិហារ អាចនឹងបន្តជាជំនន់ទឹកភ្លៀង ជាមួយគ្នានេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទឹកស្ទឹងសែនហក់ឡើងខ្លាំងលឿន អាចឈានទៅដល់កម្រិតមួយបង្កឲ្យមានការលិចលង់ និងត្រៀមបង្ការសង្រ្គោះ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានបញ្ជាក់ឲ្យដឹង នៅល្ងាចថ្ងៃ១៦សីហានេះថា នៅល្ងាចថ្ងៃនេះ ទឹកស្ទឹងសែន មានកម្ពស់ជាង ១១ម៉ែត្រ បើធៀបថ្ងៃម្សិលមិញ មានការថយចុះបន្តិច ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន គឺ ១១,៥០ម៉ែត្រ ហើយនៅក្នុងចន្លោះពីថ្ងៃនេះ ទៅ១០ថ្ងៃខាងមុខទៀត ទឹកស្ទឹងសែនមិនអាចហក់ឡើងខ្ពស់ ឈានដល់ការលិចលង់បានឡើយ ព្រោះត្បិតនៅតាមជួរភ្នំដងរ៉ែក និងតំបន់ខ្ពង់រាបក្នុងខេត្ត ភ្លៀងធ្លាក់ខ្សោយមិនអាចបង្កជាទឹកជំនន់បានឡើយ។

ទោះជាយ៉ាងនេះក្តី លោក ចាប កុយ បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះគ្រោះទឹកជំនន់ ក្រែងកើតមានជាយថាហេតុណាមមួយ ដែលមិនអាចស្មានដល់៕