ក្រុមហ៊ុនចំនួន២បាននាំចេញស្រូវ និងដំឡូងមីសរីរាង្គ ទៅកាន់ទីផ្សារអឺរ៉ុប បន្តចុះកិច្ចសន្យាទិញពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ប្រមាណ៦៦,០០០តោន !

btshotnews
ព្រះវិហារ៖ ក្រុមហ៊ុនចំនួន២ ដែលនាំចេញស្រូវ និងដំឡូងមីសរីរាង្គទៅកាន់ទីផ្សារក្រៅប្រទេស បានបន្តចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមី សរីរាង្គ ពីសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២នេះ។

ក្រុមហ៊ុនអេមរុរ៉ាយស៍ ចុះកិច្ចសន្យាទិញស្រូវសរីរាង្គក្នុងបរិមាណ១១.០០០តោន ពីសហគមន៍កសិកម្មចំនួន២១ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម ចុះកិច្ចសន្យាទិញដំឡូងមីសរីរាង្គក្នុងបរិមាណ ៥៥.០០០តោន ពីសហគមន៍កសិកម្មចំនួន១០។ ពិធីនេះស្ថិតក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងក្រុមហ៊ុន និងប្រជាសហគមន៍ជាច្រើនរូបទៀត។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបន្តថា ពិធីចុះហត្ថលេខានាពេលនេះ គឺបានបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករ ក្នុងខេត្តព្រះវិហារ ដែលកំពុងផលិត ក្នុងឆ្នាំ២០២២ ហើយក៏ជាវេទិកា សម្រាប់ការចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្ដាញរវាងអ្នកផលិត និងអ្នកទិញ(នាំចេញ) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

លោក គីម រិទ្ធី ក៏បានសំណូមពរដល់ក្រុមហ៊ុនអេមរុរ៉ាយកម្ពុជានិងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនិងអង្គការដៃគូនានា បន្តនៅប្រពៃណី និងការជំរុញការទិញស្រូវ អង្ករ ក៏ដូចជាដំណាំកសិកម្មផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា៖ យោងតាមផែនការក្នុងឆ្នាំ២០២២ នេះ កិច្ចសន្យាផលិតកម្ម កសិកម្មលើកសិផលសរីរាង្គសរុប ៧៤,០៩១ តោន ក្នុងនោះមានស្រូវសរីរាង្គ ១៨,៥៦១ តោន ដំឡូងមីសរីរាង្គ ៥៥,០០០ តោន ស្វាយចន្ទីសរីរាង្គ ៥០០ តោន និងសណ្ដែកដីសរីរាង្គ៣០ តោ នឹងគ្រោងធ្វើឡើងរវាងសហគមន៍កសិកម្មចំនួន៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់ ខណៈដែលនៅឆ្នាំ២០២១ កន្លងមកនេះ យើងមានកសិផលសរុប ៣៤,៣៤៧តោន ត្រូវបានផលិត និងផ្គត់ផ្គង់តាមកិច្ចសន្យាពីកសិករប្រមាណជាង ៥,០០០ គ្រួសារ ក្នុងនោះរួមមាន៖ ស្រូវសរីរាង្គចំនួន១១,២៣០ តោន ដំឡូងមីសរីរាង្គ ២៣,០០០ តោន ចន្ទសរីរាង្គ ១០០ តោន និងសណ្ដែកដីសរីរាង្គ ១៧ តោន។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន៤៣សហគមន៍ មានសមាជិកសរុបប្រមាណ១ម៉ឺនគ្រួសារ ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលស្គាល់ជាសមាជិកសហគមន៍កសិកម្មស្របច្បាប់ដោយមន្ទីរកសិកម្មខេត្ត។ ក្នុងនោះមុខរបរសំខាន់ៗ របស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារៈកសិកម្ម និងធ្វើរបរទីផ្សាស្រូវនិងដំឡូងមីសរីរាង្គ៕