ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ប្ដេជ្ញាលុបសំបុកមាន់ លេីផ្លូវជាតិដែលគ្រប់គ្រងដោយមន្ទីរឲ្យអស់ មុនរដូវបុណ្យភ្ជុំបិណ្ឌ ឈានចូលមកដល់ !

btshotnews
ព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្តេជ្ញាចិត្ត ដោយធ្វើការជួសជុល ថែទាំ លើកំណាត់ផ្លូវជាតិសំខាន់ៗដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន btshotnews នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សំ លាងទ្រី ថា នៅក្នុងរដូវវស្សាឆ្នាំនេះ ផ្លូវជាតិដែលគ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ត្រូវបានរងការខូចខាតដោយទឹកភ្លៀងហូរច្រោះ។ ចំពោះផ្លូវជាតិលេខ៦២ ក្រុមការងារកំពុងតែមមាញឹកក្នុងការជួសជុល ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ និងជាបន្តបន្ទាប់ នឹងទៅដល់រង្វង់មូលស្រអែមនៅថ្ងៃស្អែកនេះ។

លោក សំ លាងទ្រី បានថ្លែងឱ្យដឹងទៀតថា ក្រោមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានខិតខំយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំ ផ្លូវក្រោយភ្លៀងចាប់ផ្តើមរាំង និយាយរួមជាទិសដៅក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នឹងខិតខំធ្វើយ៉ាងណារាល់ខ្សែផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ ពិសេសផ្លូវជាតិ គឺនឹងព្យាយាម លុបសំបុកមាន់ឱ្យអស់មុនរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់។

លោកប្រធានមន្ទីរ ក៏បានថ្លែងទៀតថា ចំពោះផ្លូវក្រាលគ្រួសក្រហម មន្ទីរនឹងខិតខំជួសជុល ថែទាំ ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលធ្វើដំណើរមកលេងខេត្តព្រះវិហារអាចធ្វើដំណើរដោយស្រួលផងដែរ។ លោកក៏បានថ្លែងរំលឹកដាស់តឿនបន្ថែម ដល់ប្រធានការដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាស្លាកសញ្ញានៅតាមការដ្ឋានរបស់ខ្លួន ធ្វើយ៉ាងរៀបចំទុកដាក់ឱ្យបានល្អតាមស្តង់ដារសុវត្ថិភាព ដើម្បីការពារនូវគ្រោះថ្នាក់ជាយថាហេតុណាមួយចំពោះអ្នកដំណើរឆ្លងកាត់៕