ជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅខេត្តព្រះវិហារ ពីបទជួញដូរគ្រឿងញៀនជាង១០០គីឡូក្រាម !

btshotnews
ព្រះវិហារ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ពីបទជួញដូរគ្រឿងញៀនឆ្លងដែនជាង១០០គីឡូក្រាម។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន btshotnews ឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះថា ដោយមានការចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកបានដឹកនាំកម្លាំងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការបង្រ្កាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់១ករណី ដោយឃាត់ខ្លួនជនជាតិចិនម្នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនចំនួន១០០.៨០គីឡូក្រាម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។

លោក វុធ សាវី បានថ្លែងបន្តទៀតថា ជនសង្ស័យជួញដូរគ្រឿងជាជនជាតិចិន ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ TU SUERONG អាយុ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅឃុំប៊ិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មូលហេតុដែលត្រូវចាប់ខ្លួនជនសង្ស័យដល់ខេត្តព្រះសីហនុ ដោយសារជនសង្ស័យរូបនេះបញ្ជាទិញគ្រឿងញៀនចេញពីព្រំដែនឡាវ ក្នុងខេត្តព្រះវិហារ។

លោកថា ជនសង្ស័យរូបនេះ ក្រោយពីបានសួរនាំរួច ក៏បានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត និងត្រូវចៅក្រមស៊ើបសួរ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ៕