អាជ្ញាធរខេត្តកំពង់ធំ ព្រមាននាយនគរបាលប៉ុស្តិ៍តាមឃុំសង្កាត់ បេីមានបទល្មេីសល្បែងស៊ីសង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ !

btshotnews
កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាស់តឿនដល់នាយ នគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបង្ក្រាបស៊ីល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធិភាព។ លោកបានព្រមានថា «ប្រសិនបើប៉ុស្តិ៍ឃុំសង្កាត់ណា មានបទល្មើសល្បែងស៊ីសង ប៉ុស្តិ៍នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

ការព្រមាននេះពេលលោកដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អភិបាលក្រុង ស្រុកកងកម្លាំងទាំង៣ និងមន្ត្រីជំនាញជាច្រើនរូប។

លោកបានជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក រួមគ្នាអនុវត្តន៍នូវគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសងនៅតាម មូលដ្ឋាន បញ្ហាគ្រឿងញៀន ការបង្រ្កាប ទប់ទស្កាត់បទល្មើសផ្សេងៗ ព្រមទាំងការដោះស្រាយបញ្ហា សំណូមពរ ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័ស ហើយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវធ្វើផែនការ សកម្មភាពប្រចាំថ្ងៃក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួនដើម្បីរាយការណ៍ជាប្រចាំមកថ្នាក់លើ គឺយើងចូលរួមទាំងអស់គ្នា។

លោកបន្តថា មន្ត្រីជំនាញត្រូវធ្វើផែនការចល័តការចាក់វ៉ាក់សាំងដូសជំរុញ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយច្បាប់ពីការលក់ទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទ ទំនិញក្លែងក្លាយឲ្យដល់ប្រជាពលរដ្ឋ នៅតាមជនបទ ពិសេសទំនិញដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ចំពោះការធ្វើវិនិយោគបេនឡាន ទង់ គឹម ឡា នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ត្រូវអនុវត្តន៍តាមសៀវភៅបន្ទុកដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដែលនៅទីនោះ និងមិនធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋឡើយ។

លោកអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា នៅពេលខាងមុខនេះ ដល់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដូច្នេះសូមអាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខនៅគ្រប់ទីវត្តអារ៉ាមក៏ដូចជា នៅតាមតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តឲ្យបានល្អប្រសើរ ក្នុងគោលបំណងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋជៀសវាងមានការកកស្ទះជាដើម៕