សមត្ថកិច្ចខេត្តព្រះវិហារ បេីករថយន្តប្រដេញស្ទាក់ចាប់រថយន្តស៊េរីទំនេីប១គ្រឿងដឹកឈេីពេញត្រូវបានគេសង័្សយថាជារបស់មេឈ្មួញជេីងខ្លាំងម្នាក់ឈ្មោះតុលា ប្រចាំស្រុករវៀង !

btshotnews
ខេត្តព្រះវិហារ៖ មន្ត្រីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានសហការជាមួយ កម្លាំងនគរបាលស្រុករវៀង ប្រដេញស្ទាក់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿង ផ្ទុកឈើពេញប្រៀប ដែលរថយន្តនោះ ត្រូវគេដឹងថា ជារបស់មេឈ្មួញជើងខ្លាំងម្នាក់ ប្រចាំស្រុករវៀង ឈ្មោះ តុលា ។

ប្រតិបត្តិការប្រដេញស្ទាក់ចាប់រថយន្តដឹកឈើ ១គ្រឿងនោះ បានធ្វើឡើងនៅម៉ោង៤ និង៤៦នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។

ភ្នាក់ងារព័ត៌មានបានរាយការណ៍ថា រថយន្ត ១គ្រឿង ដែលរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចនៅគ្រានោះ ជាប្រភេទរថយន្តស៊ីណា ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-5766 ដឹកឈើពេញហើយរថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃ ចេញពីក្នុងភូមិសាស្ត្រស្រុកជ័យសែន និងស្រុករវៀង។ ប៉ុន្តែ យូរៗទើបគេឃើញ កម្លាំងសមត្ថកិច្ចចេញបង្ក្រាបម្តង ក្រោយទទួលបានសេចក្តីរាយការពី អ្នកសារព័ត៌មាន នៅក្នុងមូលដ្ឋានដែនដីខេត្ត ហើយនៅរាល់ការប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើឆ្លងខេត្ត ក្រុមរថយន្តនេះហាក់គ្មានខ្លាចក្រែងរអារសមត្ថកិច្ចបន្តិចសោះនោះទេ និងត្រូវគេសង្ស័យថា អាចមានអ្នកមានអំណាច បុណ្យស័ក្តិធំ ធ្វើជាបង្អែកនៅពីក្រោយខ្នង ថែមទៀតផង ។

ភ្នាក់ងាររាយការណ៍ បានឲ្យដឹងទៀតថា រថយន្តប្រភេទស៊ីណាដឹកឈើ ១គ្រឿងនេះ នរណាៗក៏ដឹងដែរថា គឺជារបស់មេឈ្មួញឈើជើងខ្លាំងម្នាក់ ឈ្មោះ តុលា ប្រចាំស្រុករវៀង ហើយនូវរាល់ មេឈ្មួញ តុលា នេះ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ឆ្លងព្រំប្រទល់ចូលទៅខេត្តកំពង់ធំ តែងមានរថយន្តបើករេពេញទ្រូងផ្លូវ ដើម្បីរារាំងការប្រដេញស្ទាក់ចាប់ ពីកម្លាំងសមត្ថកិច្ចនៅក្នុងតំបន់នោះ ។

តែទោះជាយ៉ាងនេះក៏ដោយចុះ នៅរសៀលថ្ងៃទី១៤កញ្ញានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានបញ្ជាកម្លាំងផ្នែក និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង បើកកិច្ចសហការជាមួយ កម្លាំងនគរបាលស្រុករវៀង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿងទៀត ខណៈនៅពេលកន្លងទៅថ្មីៗនេះ លោក នួន សុខុម បានដឹកនាំកម្លាំងព្រៃឈើ សហការជាមួយ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាបបានរថយន្តដឹកឈើ ២គ្រឿងរបស់មេឈ្មួញ តុលា ម្តងរួចមកហើយ គ្រាដែលរថយន្តទាំងពីរគ្រឿងនោះ បានផ្ទុកឈើពេញប្រៀប គ្រោងនាំចេញទៅកាន់ខេត្តកំពង់ធំ ។

ក្រោយការបង្ក្រាប រថយន្តប្រភេទស៊ីណា ១គ្រឿង ដែលផ្ទុកឈើពេញណែននោះ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំឯកសារ ចាត់ការតាមនីតិវិធីច្បាប់ ។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃ១៤កញ្ញានេះថា បើបទល្មើសព្រៃឈើ នៅតែបន្តកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដាច់ខាតត្រូវតែបង្ក្រាប ៕