ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំចាប់ផ្ដេីមហូរកាត់ផ្លូវជាតិលេខ៦ អា នៅចន្លោះគីឡូម៉ែត្រ២៣៤ និង គីឡូម៉ែត្រ២៣៥ !

btshotnews
កំពង់ធំ៖ ជំនន់ទឹកភ្លៀង ចាប់ផ្តេីមហូរកាត់ផ្លូវជាតិលេខ៦អា នៅចន្លោះគីឡូម៉ែត្រលេខ២៣៤ និង២៣៥ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២២។ ការនេះ អាជ្ញាធរប្រាប់ឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបើកបរ។

លោក ងួន រតនៈ អភិបាលខេត្តកំង់ធំ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកភិបាលស្រុកស្ទោង បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់យ៉ាងគំហុកនេះ និងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេ ដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួនរួចហើយ។

លោក ងួន រតនៈ បានបន្ថែមថា ដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសនចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឲ្យលេងទឹក ប្រយ័ត្នសត្វអសិរពិសផ្សេង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ ត្រូវពិសារទឹកឆ្អិនគ្រប់ៗគ្នា។

ក្រៅពីនេះ រដ្ឋបាលស្រុកស្ទោង ត្រូវសហការជាមួយខាងមន្ទីរសាធរណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹកខេត្តកំពង់ធំ ត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។ បើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ និងធ្វើសេចក្តីជូនដំណឹងដល់សាធរណជន ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់ត្រូវផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នបើស្ថានភាពទឹកនៅតែបន្តកើនជនខ្លាំង។

លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គេហដ្ឋាន ជួយកាយលូរដែលស្ទះនៅតាមភូមិឋានរបស់ខ្លួនដើម្បីជួយបន្ធូរ និងរំដោះទឹកឱ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃ៕