អភិបាលខេត្តកំពង់ធំ នាំយកអំណោយសម្ដេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៦០គ្រួសាររងគ្រោះដោយទឹកជំនន់ នៅក្នុងស្រុកស្ទោង !

អភិបាលខេត្តកំពង់ធំនាំយកអំណោយសម្ដេចតេជោចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៦០គ្រួសារ រងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកស្ទោង
btshotnews
កំពង់ធំ៖លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៦០ គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលបានលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធ ស្រែស្រូវនិងផ្ទះប្រជាពលរដ្ឋជាង៣,០០០គ្រួសារ ហើយត្រូវបានសប្បុរសជនជួយដល់បងប្អូនបានប្រមាណជិត១,០០០គ្រួសារផងដែរ។

លោក ងួន រតនៈ បានថ្លែងអំណរគុណលោកអភិបាលស្រុកស្ទោង និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ដែលបានខិតខំគៀងគររកអំណោយសប្បុរសធម៌នានា មានស្បៀង និងមធ្យោបាយផ្សេងៗ ក្នុងការគ្រប់គ្រងទឹកជំនន់នាពេលកន្លងមកហើយអំណោយដែលត្រូវចែកជូននៅពេលនេះគឺជាអំណោយរបស់សម្តេចតេជោ ដែលយើងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ។

ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការលិចលង់ដោយសាទឹកជំនន់រស់នៅប្រមូលផ្ដុំនិងពិបាកធ្វើដំណើរគ្រួសារខ្លះមានការឈឺស្កាត់កម្រិតស្រាល ដោយបានផ្តល់នូវស្បៀង និងថ្នាំពេទ្យ សម្រាប់ចែកជូនបងប្អូននៅពេលនេះ។

សូមបញ្ជាក់ថា: ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ
ទឹកបរិសុទ្ធ និងថ្នាំពេទ្យ៕

ទន្ទឹមនឹងនោះអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួនកុំឱ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត៕