ទេសរដ្ឋមន្រ្តី គន់ គីម ជុំរុញអាជ្ញាធរពិនិត្យការធ្វេីស្រែ ដាំដុះបន្លែ និងចិញ្ចឹមសត្វរបស់កសិករក្រេាយទឹកជំនន់

btshotnews
ព្រះវិហារ៖  នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២២នេះ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ប្រមាណ ១,២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក គីម រិទ្ធី បានឲ្យដឹងថា ខេត្តព្រះវិហារ ជាខេត្តមួយដែលទទួលរងការវាយប្រហារពីជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីប្រទេសថៃ នាំឱ្យលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។

បើតាមលោកអភិបាលខេត្ត ទឹកជំនន់នេះ ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២២៩គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន១២៣គ្រួសារ។ ប៉ះពាល់ដំណាំស្រូវ ១០,៩២៣ហិកតា ខូចខាត ៥,០៥៧ហិកតា និងដំណាំរួមផ្សំ ៨,០២០ហិកតា ខូចខាត ៤,៣៣៨ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ០៦ក្រុង ស្រុក ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។

ជាការឆ្លើយតបចំពោះផលប៉ះពាល់ដោយទឹកជំនន់ខាងលើ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមខេត្ត និងអង្គការដៃគូ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន
គ្រោះសាររងគ្រោះជាបន្តបន្ទាប់ផងដែរ។

ជាកិច្ចចាប់ផ្តើមសំណេះសំណាល នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប។

លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ពីកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយសម្តេចតេជោ បានអញ្ជើញទៅកាន់ខេត្តជុំវិញបឹងទន្លេសាប និងខេត្តព្រៃវែង ដើម្បីផ្តល់ពូជស្រូវ និងស្បៀងអាហារផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា បើទោះបីសម្តេចមមាញឹកនឹងការងារធំៗរបស់ជាតិ តែសម្តេចនៅតែឆ្លៀតពេលពីការងារដ៏មមាញឹក ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។ តាមរយៈសកម្មភាពទាំងនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរងគ្រោះដោយទឹកជំនន់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែគ្រោះទឹកជំនន់។ បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រឹងប្រែងធ្វើស្រែឡើងវិញ សម្រាប់កន្លែងមានប្រភពទឹក ហើយកន្លែងគ្មានប្រភពទឹក ត្រូវយកចិត្តទុកដាក់ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាព។

ទេសរដ្ឋមន្ត្រីដែលទើបទទួលគោរមងារ «កិត្តិសង្គហបណ្ឌិត» ពីព្រះមហាក្សត្រ ក៏បានជំរុញឱ្យអាជ្ញាធរតាមដាន និងជួយដល់ប្រជាពលរដ្ឋក្នុងការធ្វើស្រែ ដាំដុះបន្លែ ក៏ដូចជាចិញ្ចឹមសត្វក្រោយពេលទឹកជំនន់ ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាពរបស់ពួកគាត់។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធ ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលពលរដ្ឋមានទុក្ខលំបាក។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យទទួលបាននូវភាពជោគជ័យ។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយនាំគ្នាទៅទទួលយកវ៉ាក់សាំងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕