
ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍ជិត ១៩ ០០០នាក់ក្នុងថ្ងៃឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ
btshotnews
ព្រះវិហារ៖ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ខេត្តព្រះវិហារទទួល បានភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ផ្សេងទៀតក្នុងខេត្ត សរុបមានចំនួន ១៨,០៩៧ នាក់។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្នុងចំណោមភ្ញៀវទេសចរណ៍ចំនួន១៨.០៩៧នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ១៧,៧៩៤ នាក់ និងភ្ញៀវទេសចរណ៍បរទេសចំនួន ៣០៣ នាក់ផងដែរ។
សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ ដែលភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍បរទេស តែងទៅកំសាន្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ។
ក្នុងឆ្នាំនេះដែរខេត្តព្រះវិហារ ក៏បានប្រារព្វពិធីប្រណាំងទូកលក្ខណៈសហគមន៍ និងបណ្តែតប្រទីប បង្ហោះគោម អកអំបុក នៅតំបន់ទេសចរណ៍សហគមន៍ទំនប់៩៥ ដើម្បីបង្ករការសប្បាយរីករាយដល់ប្រជាពលរដ្ឋផងដែរ៕