រដ្ឋបាលខេត្តកំពង់ធំ ប្រគល់ថវិកាជាង៤៤លានរៀល ជូនអតីតយុទ្ធជន និងនិវត្តជន៥គ្រួសារ នៅខេត្តកំពង់ធំ

btshotnews
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រគល់ថវិកាសរុប៤៤,៥៦៨,០០០រៀល ជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារនិវត្តជនចំនួន៥គ្រួសារ។

ការប្រគល់ថវិកានេះធ្វើឡើងក្រោមវត្តមាន លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា។

គ្រួសារអតីតយុទ្ធជន និងគ្រួសារនិវត្តជនចំនួន៥គ្រួសារ ដែលទទួលថវិកានោះ រួមមាន៖
១. គ្រួសារលោក ម៉ែន សារ៉ាក់ ទទួល បាន៥,៦១៧,៩២០រៀល
២. គ្រួសារលោក ស៊ីវ ប៊ុនថាំ ទទួលបាន៦,១២៨,៦៤០រៀល
៣. គ្រួសារលោក ស្រី គឹមសួរ ទទួលបាន៨,៧៩២,៦៤០រៀល
៤. គ្រួសារលោក កើ ស្លៃម៉ាន ទទួលបាន១៤,៣៧០,០០០រៀល
៥. គ្រួសារលោក ស៉ិន អុន ទទួលបាន៩,៦៥៨,៨០០រៀល

លោកអភិបាលរងខេត្តបានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រកបដោយតម្លាភាព និងសង្គតិភាពក្នុងការអនុវត្តរបបគោលនយោបាយជូនចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនប្រកបដោយប្រសិទ្ធផល និងស្មារតីទទួលខុសត្រូវខ្ពស់ បេឡាជាតិអតីតយុទ្ធជនបានចាត់ឲ្យលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី/ខេត្តត្រូវបើកប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារសពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលបានទទួលមរណភាពឲ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នានោះដែរ លោក ញ៉ឹក បានខេង ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសពដែលបានធ្វើមរណកាលកន្លងទៅ។ លោកបានថ្លែងថា ការបាត់បង់មន្ត្រីខាងលើគឺជាការបាត់បង់អតីតមន្ត្រីសកម្មដែលបានលះបង់កម្លំាងកាយចិត្ត ខិតខំបំពេញការងារជូនរដ្ឋ ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវបិតាដែលជាអ្នកមានគុណជាទីគោរព និងស្រឡាញ់ផងដែរ៕