ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង២៧០គ្រួសារ ក្នុងក្រុងស្ទឹងសែន ទទួលបានអំណោយពីសម្ដេចតេជោ

btshotnews
កំពង់ធំ៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បាននាំយកអំណោយស្បៀងអាហាររបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៧០គ្រួសារ មកពីភូមិចំនួន១៧ភូមិ នៃសង្កាត់ស្រយ៉ូវ និងសង្កាត់អូរកន្ធរ ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២។

លោក​ សុក ហៃ បានឱ្យដឹងថា កន្លងមកជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះហើយសម្តេចតេជោបានផ្តល់ជាគោលនយោបាយកម្មវិធីសាច់ប្រាក់សម្រាប់ជួយ ប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំងឺកូវីដ១៩ និងមានជីវភាពខ្វះខាតប្រភេទក្រ១ ក្រ២ ទៅតាមទំហំគ្រួសារ ដោយបើកប្រាក់តាមរយៈភ្នាក់ងារវីងដែលជាថវិការបស់ប្រមុខរដ្ឋាភិបាល។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មាន អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធ និងបញ្ហានានា ត្រូវតែខិតខំដោះស្រាយនូវសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងឱ្យបានរួសរាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អភិបាលរងខេត្តបញ្ជាក់បន្ដថា បញ្ហាទឹកគឺជារឿងដែលសំខាន់បំផុតសម្រាបប្រជាពលរដ្ឋដែលមិនមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីធ្វើការផ្ដល់ជូនជាពូជស្រូវ ឬពូជដំណាំជូនគាត់ក្នុងការស្ដារលទ្ធភាពជីវភាពគាត់ឱ្យបានទាន់ពេលវេលា ក្រោយពីរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះ។

លោក សុក ហៃ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុចុះឈ្មោះ បោះឆ្នោតឬធ្លាប់ចុះឈ្មោះនៅខេត្តឆ្ងាយចង់ ផ្លាស់ទីកន្លែងបោះឆ្នោតជិតផ្ទះសូមទៅជួបគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមបណ្តាឃុំ សង្កាត់ ដើម្បីយើងមានឱកាសបោះឆ្នោតជាតិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលអាចថែរក្សាសន្តិភាព ស្ថេរភាព នយោបាយ និងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន។

ជម្រាបថា÷ អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ៕