ប្រជាពលរដ្ឋ១៥០គ្រួសារ បានធ្វេីការតវ៉ានឹងមន្រ្តីជំនាញបរិស្ថានចុះបិទ និងធ្វេីកិច្ចសន្យាបញ្ឈប់ពួកគាត់មិនឲ្យបូមរករ៉ែមាសជាលក្ខណ:គ្រួសារនោះទេ !

btshotnews
កំពង់ធំ ៖ ប្រជាពលរដ្ឋចំនួន១៥០គ្រួសាររស់នៅចំនុចស្នងអន ឧបសម្ព័ន្ធ ភូមិស្រែព្រីង ឃុំសុចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ផ្ទុះការតវ៉ា និងសំណូមពរ ទៅកាន់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួល ដល់ពួកគាត់បានរស់នៅ ធ្វើផ្ទះ និងអាស្រ័យផល ប្រកបមុខរបរ បូមរ៉ែរកមាសជាលក្ខណៈគ្រួសារដូចកាលមុន ។

បន្ទាប់ពីមានក្រុមហ៊ុនចិន មួយ ទទួលបានការវិនិយោគពីក្រសួងស្ថាប័នពាក់ព័ន្ធ លើវិស័យ រុករករ៉ែមាសនៅចំនុច ស្នងអន ឃុំសុចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំរួចមក ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើ គ្មានមុខរបរធ្វើ និងរកចំណូលដើម្បីសងបំណុលធនាគារដូចមុនបានទេ។

ជាក់ស្តែងកាលពីវេលាម៉ោង ០៩:០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា  ឆ្នាំ២០២២ កន្លងទៅនេះ មានសកម្មភាពផ្ទុះការតវ៉ារវាងប្រជាពលរដ្ឋជាមួយកម្លាំងជំនាញបរិស្ថាន និង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសុចិត្រ បន្ទាប់ពីចុះទៅហាមឃាត់មិនឲ្យពួកគាត់រុករករ៉ែ នៅចំណុច ភូមិ ឃុំ ខាងលើ ដែលមានក្រុមហ៊ុនចិននៅពីក្រោយខ្នង ។

ក្នុងនោះដែរប្រជាពលរដ្ឋក៏បានលំអិតបញ្ជាក់បន្ថែមថា កន្លងមកពួកគាត់ក៏ត្រូវបានមន្ត្រីជំនាញបរិស្ថានចុះហាមឃាត់មិនឲ្យពួកគាត់ធ្វើ នៅក្នុងសិចទ័ររបស់ក្រុមហ៊ុនម្តងរួចមកហើយ តែក្រោយមកពួកគាត់ក៏សម្រេចចិត្តដូរទីតាំងមកក្បែភូមិវិញ ក៏ប៉ុន្តែត្រូវបានមន្រ្តីជំនាញបរិស្ថានមិនអនុញ្ញាតឲ្យធ្វើដដែល ។

ដោយយកលេសថាជាដីរបស់ក្រុមហ៊ុនទាំងដែលប្រជាពលរដ្ឋរស់នៅមុនក្រុមហ៊ុនកកើតទៀត ក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះរស់នៅរហូតដល់ជិត៣០ឆ្នាំផងដែរ ហើយអ្វីដែលពិសេសនោះ សូម្បីតែសាងសង់ផ្ទះលើដីរបស់ពួកគាត់តាំងពីយូរយាណាស់មកហើយក៏ដោយ ក៏ជំនាញបរិស្ថានមិនអនុញ្ញាតឲ្យសាងសង់ដែរ ។

ហេតុនេះហើយទើបពួកគាត់តវ៉ានិងសំណូមពរ ទៅជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជាពិសេស គឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សុំឱ្យពួកគាត់បានរស់នៅ អាស្រ័យផល និងរករ៉ែមាសជាលក្ខណៈគ្រួសារលើដីរបស់ពួកគាត់ ដូចកាលពីមុនផង ព្រោះពួកគាត់មិនមានមុខរបរអ្វីក្រៅពីធ្វើស្រែ ចំការ និងរករករ៉ែដើម្បីសងធនាគារនិងចិញ្ចឹមជីវិតនោះទេ ៕