គម្រោងសិក្សារៀបចំផែនការយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងរមនីយដ្ឋានប្រាសាទកោះកេរ ឧបត្ថម្ភថវិកាដោយអង្គការយូណេស្កូ !

btshotnews
ព្រះវិហារ៖ អង្គការយូណេស្កូប្រចាំនៅទីក្រុងភ្នំពេញ បានអញ្ជើញអ្នកជំនាញ ៣រូប គឺលោក Kai Weise អ្នកនាង Anie Joshi និងលោក Masimo Sati សហការជាមួយមន្ត្រីជំនាញ​អាជ្ញាធរជាតិព្រះវិហារ​ បានចុះសិក្សា និងរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងរមណីយដ្ឋានប្រាសាទកោះកេរចំនួន២លើក លើកទី១ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូឆ្នាំ២០២២ និងលើកទី២ ចាប់ពីថ្ងៃទី២៤ ខែមករា  ដល់ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣កន្លងទៅនេះ។ 

ក្នុងអំឡុងពេលបេសកកម្មនៅរមណីយដ្ឋានប្រាសាទកោះកេរ​ ក្រុមការងារបានចុះពិនិត្យ​ និងអង្គេតទីតាំងភូមិសាស្រ្តនានាដូចជា ប្រាសាទ សំណង់រក្សាទឹកបុរាណ(ត្រពាំងបុរាណ ទំនប់បុរាណ) ពិនិត្យទីតាំងដែលជន់លិចក្នុងរដូវវស្សា ស្ទឹង អូរជាដើម។ បន្ទាប់មកអ្នកជំនាញបានពិគ្រោះយោបល់អំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ការគ្រប់គ្រងហានិភ័យ ជាមួយអ្នកគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរ និងសហគមន៍ទាំងអស់ដែលរស់នៅក្នុង និងតំបន់ជុំវិញរមណីយដ្ឋានរមណីដ្ឋានប្រាសាទកោះកេរ និងបានសម្ភាសសហគមន៍ព្រៃឈើកោះកេររីកចម្រើន សម្ភាសអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងអង្គការដែលពាក់ព័ន្ធមួយចំនួនផងដែរ។   

ទន្ទឹមគ្នានេះដែរលោក Kai Weise អ្នកនាង Anie Joshi និងលោក Masimo Sati ក៏បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងបន្ថែម ដល់មន្រ្តីបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារស្តីអំពីការវាយតម្លៃ និងវិភាគហានិភ័យ(Risk Assessment) លើរចនាសម្ពន័្ធសំណង់ប្រាសាទ និងបរិស្ថានជុំវិញប្រាសាទ។ បន្ថែមពីនេះអ្នកជំនាញទាំង៣នាក់ ក៏បានចែករំលែកអំពីវិធីសាស្រ្ត និងរបៀបចងក្រងឯកសារសិក្សាវាយតម្លៃផលប៉ះពាល់បេតិកភណ្ឌ(Heritage Impact Assessment) ក្នុងករណីមានការអភិវឌ្ឍផ្សេងៗក្នុងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌៕