យុវជនម្នាក់បេីកបរម៉ូតូ ត្រូវបានស្លាប់ដោយជែងមិនផុតក៏កៀរខ្ទាតចូលក្រោមរថយន្ត

btshotnews
ត្បូងឃ្មុំ៖ យុវជនម្នាក់បើកម៉ូតូបំណងជែងជាមួយ ម៉ូតូកង់បី មិនផុតក៏បានកៀរហើយដួលខ្ទាតចូលក្រោមរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៧ និង១៧ នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលេីផ្លូវជាតិលេខ៧  ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២-១៣៣ ត្រង់ចំណុចមុខផ្សារស្រែសៀម ក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកត្បូងឃ្មុំបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍  រវាងម៉ូតូ និងផ្អាសអាប់ និងរថយន្ត ដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1F-6999 បើកបរដោយឈ្មោះស៊្រុន សេរីរតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្រឡៅ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)។ ខណៈ
បង្កជាមួយផាសអាប់ ពណ៌ស មិនស្គាល់ផ្លាកលេខ មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ (ផាសអាប់បើកបររត់ទៅទិសខាងលិចបាត់) ។ បន្ទាប់មកជនរងគ្រោះបានខ្ទាតចូលក្រោមរថយន្ត ម៉ាកTOYOTA Hilux ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5050 បើកបរដោយឈ្មោះ រ៉នី ហាណាហ្វី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចាម មានទីលំនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់បន្តថា  ផាសអាប់បើកបរពីកើតទៅលិច ម៉ូតូបើកបរមកពីក្រោយ ជែងផាសអាប់ មិនផុត ហើយ
កៀរផាសអាប់ ខ្ទាតអ្នកបើកបរម៉ូតូទៅចូលក្រោមកង់រថយន្តដែលកំពុងបើកបរ បញ្ច្រាសទិសគ្នាពីលិចទៅកើតបណ្តាលឱ្យរថយន្តកិនអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗ តែម្តង។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកត្បូងឃ្មុំ បានធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ ក៏បានប្រគល់សពយុវជនរងគ្រោះឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯ ម៉ូតូ និងរថយន្តសមត្ថកិច្ចបានយកទៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បី រងចាំការដោះស្រាយតាមផ្លូវច្បាប់៕