ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធលួចគាស់ផ្ទះ និងលួចសម្ភារ ក្នុងការដ្ឋានសំណង់ជាអាជីព

btshotnews
ភ្នំពេញ៖ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិស្ទូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ពាក់ព័ន្ធករណីលួចគាស់ផ្ទះ និងលួចសម្ភារ ក្នុងការដ្ឋានសំណង់ជាអាជីព។

ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ៖
១-ឈ្មោះ អេង ភារិន ហៅ ស្នា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌកំបូល។
២-ឈ្មោះ អេង ភារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិស្នូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល។
៣-ឈ្មោះ យ៉ុម ប្រុសម៉ៅ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិស្ទូលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល។ ជនទាំង៣នាក់នេះ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។ ចំណែកបក្ខពួកជនសង្ស័យ ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត។
វត្ថុតាងចាប់យក ៖ ១-ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JE-0549, ២-ទូរសព្ទដៃចំនួន៣គ្រឿង, ៣-កូនសោរចំនួន៣ និងទូណឺវីសចំនួន១, ៤-ម្សៅក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់តូច។

ជនសង្ស័យទាំង៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ និងលួចដែក រួមទាំងសម្ភារសំណង់ជាច្រើនលើក និងជាអាជីព ពិតប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕