ចោរប្រុសស្រី២នាក់ប្ដីប្រពន្ធអស់ល័ក្ខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចមាសជាង១០ដំឡឹង !

btshotnews
កំពង់ស្ពឺ:ឃាត់ខ្លួនចោរប្រុសស្រីពីនាក់ប្តីប្រពន្ឋបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបន្ទាប់ពីធ្វើសកម្មភាពលួចបានមាសជាង១០ដំឡឹង។

ការឃាត់ខ្លួនចោរ២នាក់ប្ដីប្រពន្ធនេះបានធ្វើឡើងត្រង់ចំណុចផ្សារក្រាំងចេកស្ថិតក្នុងភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៨:៥៤នាទីព្រឹកថ្ងៃទី១៨ខែកម្ភ:ឆ្នាំ២០២៣នេះ។

លោក ឧត្តមសេនីយ៍ សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនសង្ស័យដែលកម្លាំងនគរបាលមូលដ្ឋានឃាត់បាននោះមាន២នាក់ប្តីប្រពន្ឋ។ជនសង្ស័យទី១ឈ្មោះ សុឹម ឡេង ភេទ ស្រី អាយុ ៥៥ ឆ្នាំ រស់នៅ ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ត កណ្តាល។ទី២ឈ្មោះ ឡោ ថុល ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិមៀន ឃុំមៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។

ជនសង្ស័យទាំងពីនាក់បានធ្វើសកម្មភាពចូលលួចមាស ពីជនរងគ្រោះ ឈ្មោះ ចុន ចំរើន  ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ លក់មាសនៅផ្សារក្រាំងចេក ប្រពន្ធឈ្មោះ ផេង ចិន្តា អាយុ ៤២ ឆ្នាំ មុខរបរ លក់មាសនៅផ្សារក្រាំងចេក បច្ចុប្បន្នរស់នៅភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ។

លោកបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពលួចមាសចំនួន១០ដំឡឹង (ក្នុងនោះមានខ្សែក១០ខ្សែ ក្រវឹល៣០គូរបន្តោងខ្សែក ២០)ត្រូវបានឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែង។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនដោយដកហូតបានទូរស័ព្ទដៃ ៤គ្រឿង នាឡិកាដៃ ១ គ្រឿង រថយន្តម៉ាកកាមរី ហើម ពណ៌ស ផលិតឆ្នាំ១៩៩៣(របស់ជនសង្សយ័)និងមាសចំនួន១០ដំឡឹងពីរជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕