ជនសង្ស័យ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងករណីប្លន់នៅសង្កាត់និមិត្ត !

btshotnews
បន្ទាយមានជ័យ÷ជនសង្ស័យ១ក្រុមចេញធ្វើសកម្មភាពប្លន់ម៉ូតូនៅសង្កាត់និមិត្ត ត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតស្រាវជ្រាវឈានដល់ធ្វេីការឃាត់ខ្លួន ជនសង្ស័យបានចំនួន៨នាក់បញ្ជូនទៅកាន់តុលាការ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរៀបរាប់ថាវេលាម៉ោង ៩យប់ ថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ ២០២៣នោះខ្លួនបានជិះម៉ូតូម្នាក់ឯង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខាងមុខមន្ទីរពេទ្យ ភូមិកូនដំរី ពេលនោះស្រាប់តែមានបក្ខពួកជនសង្ស័យចំនួន២នាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅជិះមកដល់ជិតខ្លួនបានធ្វើសកម្មភាពជិះម៉ូតូដេញជនរងគ្រោះរហូតមកដល់ចំណុច ផ្លូវចូលដុងអារញ្ញរហូតដល់ចំណុចកើតហេតុខាងលើ ខ្លួនក៏បានចាប់ហ្វ្រាំងម៉ូតូផ្ដួលនៅនឹងថ្នល់ជាតិ ក្រោយមកជនសង្ស័យទាំងពីរនាក់បានឈប់ម៉ូតូ ប្រុងដកដូចជាអាវុធអ្វីមួយ ជនរងគ្រោះ ឃើញដូច្នេះក៏រត់ចូលប្រឡាយនៅខាងឆ្វេងដៃ បានប្រហែលមួយនាទី ខ្លួនក៏ឡើងមកលើថ្នល់វិញ ស្រាប់តែបាត់ម៉ូតូតែម្ដង រួចខ្លួនបានរត់ទៅការ៉ាស់សាំងកូនដំរី ហើយរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយធ្វើអន្តរាគមន៍តែម្ដង។

ក្នុងប្រតិបត្តិការនោះលោកវរសេនីយ៍ឯក
សៅ សារឿន បានដឹកនាំកម្លាំងនគរបាលផែនជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង៥ បើកការស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ម៉ូតូ៣គ្រឿង នៅកាស៊ីណូហ្គោដវ៉ើល ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន និងបានបញ្ជូនមកជំនាញនៃស្នងការដ្ឋាននគរខេត្តបន្ទាយមានជ័យដើម្បីសួរនាំជនសង្ស័យទាំង៨នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតាមវាយ និងបានយកម៉ូតូជនរងគ្រោះប្រាកដមែន ជនសង្ស័យត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕