
អភិបាលខេត្តកំពង់ចាម បានស្នេីដល់មន្រ្តីអប់រំ និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្សនិងកូនចៅរបស់ខ្លួន
btshotnews
កំពង់ចាម: ក្នុងឱកាសបេីកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នេីដល់មន្ត្រីអប់រំ និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្ស និងកូនចៅរបស់ខ្លួន ឱ្យចេះគោរពវិន័យ និងច្បាប់របស់សង្គមជាតិ ឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស ឬទៅប្រព្រឹត្តអំពើពាលាអវាសែ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់មន្ទីរអប់រំខេត្ត ធ្វើយ៉ាងណាត្រូវលេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកបដោយ សមត្ថភាពរីកចម្រើន។ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀនបានគ្រប់ៗគ្នា ជាពិសេសកុមាដែលជួបការលំបាក កុមារជនជាតិភាគតិច និងកុមារពិការឱ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា។ ព្រមទាំងបន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូបង្រៀនទៅកន្លែង ដែលខ្វះគ្រូឲ្យបានសមស្របផងដែរ ។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានលេីកឡេីងថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ យើងមានសាលាមត្តេយ្យសិក្សា ៤៦៦សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៥កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦២កន្លែង សាលាបឋមសិក្សា ៤០៧កន្លែង (សាលាបឋមសិក្សា ឯកជន ៧កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ២កន្លែង និងវិទ្យាល័យអប់រំពិសេស ១កន្លែង)ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៨៤ខ្នង ស្មើ ២,៤៣១បន្ទប់ (កើន ១៥ខ្នង ។
លោកប្រធានមន្ទីរអប់រំ បានបញ្ជាក់ថា ការងារអប់រំកាយ និងកីឡា ក្នុងឆ្នាំ២០២២នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ២៦គ្រឿង មេដាយប្រាក់ចំនួន ២៨គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៤២គ្រឿង។ ចំពោះការងារប្រឡងប្រណាំង ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ មន្ទីរមាន នាយកល្អ និងគ្រូល្អ ដែលជាប់ជ័យលាភីថ្នាក់ខេត្តជាបណ្តោះអាសន្ន ចំនួន ៨នាក់ (ផ្នែកមធ្យមសិក្សា ៣ នាក់ និងផ្នែកបឋមសិក្សា ៥នាក់) ៕