ឪពុកតិរច្ឆានម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមបទសង្ស័យប៉ុនប៉ងសម្លាញ់កូនដោយចាប់បោកផ្ទប់នឹងឥដ្ឋ

btshotnews
កំពត÷ កម្លាំងរបស់ស្នងការដ្ឋានខេត្តកំពតសហការជាមូយនគរបាលនៃអធិការដ្ឋានស្រុកអង្គរជ័យបានឃាត់ខ្លួនបុរសម្នាក់ក្រោមបទសង្ស័យប៉ុនប៉ងមនុស្សឃាតដោយចាប់កូនបង្កើតអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋ។

លោកឧត្តមសេនីយត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា: បុរសសង្ស័យក្នុងករណីខាងលើមានឈ្មោះ រឿន ចាន់រតនា អាយុ ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា: កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យបានប្រើហិង្សាដោយចាប់កូនប្រុសអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសជាទម្ងន់។

ក្រោយកើតហេតុ សាច់ញាតិមិនបានប្តឹងចូលសមត្ថកិច្ចទេដោយប្រញាប់បញ្ជូនទារករងគ្រោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញក្នុងភាពសង្រ្គោះជាបន្ទាន់។ លោកឧត្តមសេនីយត្រី លក ញ៉ាវ ស្នងការរងបានបន្តថា: លុះព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រោយពីបានទទួលព័ត៌មានពីមន្ទីរពេទ្យគន្ធបុប្ផាជុំវិញករណីខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការខេត្តក៏បានបញ្ជាដល់កម្លាំងព្រហ្មទណ្ឌខេត្តចុះសហការជាមួយនគរបាលស្រុកអង្គរជ័យតាមឃាត់ខ្លួនជនសង្ស័យរូបនេះបានតែម្តង។

ក្នុងខណ:នេះ សមត្ថកិច្ចកំពុងសាកសួរជនសង្សយ័ជាឪពុកពីមូលហេតុជុំវិញករណីអំពើឃាតកម្មមកលើកូនខ្លួនឯងយ៉ាងសាហាវឃោរឃៅខាងលើទើបដឹងថា:ដោយជនសង្សយ័ស្រវ៉ឹងស្រារហូតបាត់ការចងចាំ ទើបឈានទៅប្រើអំពើហឹង្សាទៅលើកូនដូច្នេះ។ ហើយកុមាររងគ្រោះជាកូនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសង្រ្គោះក្នុងមន្ទីរពេទ្យគន្ធបុប្ផាដែលក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះយ៉ាងយកចិត្តដាក់បំផុត។ រីឯជនសង្សយ័ជាឪពុកសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី៕