ទីបញ្ជាការ យោធាខេត្តបារៀវង់តាវ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជេីងគោកកម្ពុជា ប្ដេជ្ញារិតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការល្អ រវាងរដ្ឋាភិបាល ប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម !

btshotnews
ខេត្តព្រះវិហារ៖ លោកវរសេនីយ៍ឯក ផាម ហ្វាំងតឹង មេបញ្ជាការរង យោធាខេត្តបារៀ វង់តាវ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំអង្គភាពកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទកម្ពុជា បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ស្តីពីការរិតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ រវាង រដ្ឋាភិបាល ប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ស្ថិតស្ថេរ ជាអមតៈ ។

ការប្តេជ្ញានេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចុះហត្ថលេខា ប្រចាំឆ្នាំ២០២៣ លើអនុស្សារណៈ ចងសម្ព័ន្ធ មេត្រីភាព រវាង ទីបញ្ជាការយោធាខេត្តបារៀ-វង់តាវ យោធភូមិភាគទី៧ កងទ័ពប្រជាជន វៀតណាម ជាមួយ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ព ជើងគោក ជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានសំដែងនូវការគោរពដឹងគុណ អស់ពីដួងចិត្តចំពោះ រដ្ឋាភិបាល ប្រជាជន និងកងទ័ព ប្រជាជនវៀតណាម ដែលជានិច្ចកាលតែង បានជួយឧបត្ថម្ភគាំទ្រ យ៉ាងច្រើនដល់កងយោធពលខេមរភូមិន្ទ ជារៀងរហូតមក ជាពិសេស អ្វីដែលប្រជាជនកម្ពុជាគ្រប់រូប ចងចាំមិនអាច ភ្លេចបាននូវគុណូប្បការៈដ៍ធំធេង របស់កងទ័ពប្រជាជនវៀតណាម នោះគឺការលះបង់សាច់ ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុសង្គ្រោះប្រជាជនកម្ពុជាអោយរួចផុតពីរបបយង់ឃ្នង ប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ ខែ និង ២០ថ្ងៃ ។

មេបញ្ជាការកងពលធំលេខ៣ បញ្ជាក់ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឳកាសនេះ ពិតជាមានអត្ថន័យយ៉ាងធំធេង និងជាការសបញ្ជាក់អោយឃើញយ៉ាងច្បាស់ អំពីកិច្ច សហប្រតិបត្តិការល្អ ទំនាក់ទំនងល្អ អំពីចំណងមិត្តិភាព សាមគ្គីភាព យ៉ាងជិតស្និទ្ធ រវាងកងទ័ពទាំងពីរ រដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលធ្លាប់មានប្រវត្តិ តស៊ូ និងមានប្រពៃណីសាមគ្គីគ្នាជាបងប្អូន ក្នុងនាមភូមិផងរបងជាមួយ ក្នុងភូមិសាស្ត្រ ឥណ្ឌូចិន ជាយូរលង់ ណាស់មកហើយ ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក សង្ឃឹមយ៉ាងមុតមាំថា ចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាង ទីបញ្ជាការ យោធាខេត្តបារៀ វង់តាវ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ជាមួយ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ស្ថិតស្ថេរ រឹងមាំ ជាអមតៈ ៕