
លោក គឹម សារឿន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បាននាំនូវសំលៀកបំពាក់និងមុងទៅចែកជូនដល់បងប្អូនប្រជាការពារ នៅភូមិអតីតយុទ្ធជន ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
btshotnews
កំពង់ធំ ÷ការថ្លែងបែបនេះ របស់លោក គឹម សារឿន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បានធ្វេីឡេីងនាព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២៣ នេះ។
លោក ប្រធានសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានប្រជាធិបតេយ្យ បានថ្លែងដោយលើកពីគុណសម្បត្តិរបស់ប្រជាការពារ គឺជាកម្លាំងស្នូល នៅថ្នាក់មូលដ្ឋាន ដែលបានដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-មានសុវត្ថិភាព ក្នុងខណៈដែលលោកប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យបានផ្តល់នូវសំលៀកបំពាក់ចំនួន ២១កំប្លេ និងមុងចំនួន២៤មុង ហេីយបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកចំនួនជាង៤០០ដុល្លារអាមេរិក ជូនដល់ប្រជាការពារនៅភូមិអតីតយុទ្ធជន ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់សំលៀកបំពាក់ចំនួន ២១កំប្លេ និងមុងចំនួន២៤មុង ជូនដល់បងប្អូនប្រជាការពារចំនួន ២១ នាក់ក្នុងភូមិអតីតយុទ្ធជន ។
លោក គឹម សារឿន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បានថ្លែងថា សំលៀកបំពាក់នេះមានសារៈសំខាន់ណាស់សម្រាប់សម្គាល់ថា ប្រជាការពារភូមិ និងមានការងារជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសចូលរួមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងធ្វើយ៉ាងណាឱ្យភូមិឃុំយើងមានសុវត្ថិភាព កាន់តែផ្តល់ភាពកក់ក្តៅបន្ថែមទៀតក្នុងការរស់នៅដល់ប្រជាពលរដ្ឋក្នុងម្លប់សុខសន្តិភាព។
លោកប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បានថ្លែងអំណរគុណដល់ប្រជាការពារចំពោះការលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិឃុំសង្កាត់របស់ខ្លួន។ ជាការពិតណាស់ «ក្រុមប្រជាការពារជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិឃុំសង្កាត់ ហើយកម្លាំងនេះក៏ជាសេនាធិការយ៉ាងសំខាន់របស់ប៉ុស្តិ៍-រដ្ឋបាល នគរបាលឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតឡើងក្នុងមូលដ្ឋានរបស់យើង»។
ដោយហេតុថា ប្រជាការពារមានតួនាទីរួមចំណែកនៅក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិតមែន ប៉ុន្តែតាមការសង្កេតរបស់លោកប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ កន្លងមកហាក់បីដូចជាមិនមានការបែងចែកច្បាស់លាស់រវាងតួនាទីរបស់ប្រជាការពារ និងសមត្ថកិច្ចនគរបាល ឬកម្លាំងអាវុធហត្ថ ក្នុងការការពារសន្តិសុខ ឬអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ថ្វីត្បិតកន្លងទៅ មានប្រជាការពារភូមិខ្លះបានប្រើអំណាចរបស់ខ្លួនហួសព្រំដែន ដោយធ្វើសកម្មភាពសួរនាំ ឬដើរលបលួចស្ដាប់នៅតាមផ្ទះប្រជាពលរដ្ឋដោយសំអាងថា ពលរដ្ឋពាក់ព័ន្ធការចូលរួមកិច្ចការងារសង្គម ដែលសកម្មភាពបែបនោះបង្កឱ្យមានការភ័យខ្លាច ឬរំលោភបំពានដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៅវិញ។
ដូច្នេះនៅក្នុងឱកាសនេះ «លោកប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ ស្នើសូមឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នប៉ូលីស គួរតែពិនិត្យមើល អំពីកាតព្វកិច្ចតួនាទីក៏ដូចជាក្រមសីលធម៌របស់ប្រជាការពារផង ដើម្បីកុំឱ្យមានបាតុភាពអវិជ្ជមានកើតឡើងចេញពីការបំពេញតួនាទីរបស់ប្រជាការពារ ដែលប្រាស់ចាកអំពីគោលដៅរួម ដែលបង្កឱ្យមានលក្ខខណ្ឌប្រកបដោយសន្តិសុខដល់ប្រជាពលរដ្ឋនៅតាមភូមិ»។
ថ្វីបើសម្លៀកបំពាក់មានពណ៌ដូចគ្នា ប្រជាការពារ មាននាទីសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ មិនមែនជានគរបាលយុត្តិធម៌ទេ។ ហេតុនេះបើសិនប្រជាការពារមានការខុសឆ្គងយ៉ាងណាមួយនោះ លោកប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ
ស្នើសុំខាងស្ថាប័នប៉ូលីស និងធ្វើការអប់រំណែនាំយ៉ាងណាឱ្យពួកគាត់អនុវត្តន៍បានល្អឡើងវិញ៕