
ឯកឧត្ដម ហ៊ុន ម៉ានិត ពេលប្រទេសយេីងរីកចម្រេីន ប្រជាពលរដ្ឋយេីងទទួលផល ដោយជីវភាពកាន់តែប្រសេីរឡេីង
btshotnews
កំពង់ចាម: ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងថា ពេលប្រទេសយើងរីកចម្រើន ប្រជាពលរដ្ឋយើងនឹងទទួលផល ដោយជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ការវិនិយោគក៏នឹងកេីតមានឡេីង ហើយប្រាក់ខែរបស់យើងក៏កេីនឡេីងទៅតាមនោះដែរ ពោលគឺស្ថេរភាពក្នុងប្រទេសក៏ល្អប្រសើរដែរ ដូច្នេះហើយទើបយើងត្រូវមើលឱ្យបានច្បាស់ តេីការរីកចម្រើនមកដល់សព្វថ្ងៃនេះដោយសារអ្នកណា? គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លោកបានគិតគូរអ្វីៗទាំងអស់ ដើម្បីជាតិ និងដេីម្បីប្រជាជនផងដែរ ។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណជាង៦០០០នាក់ នៅក្រុមហ៊ុនខាលីងតុន ស្រុកជេីងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ចុងសប្ដាហ៍ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ។
ឯកឧត្តម ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានខិតខំគៀងគរអ្នកវិនិយោគិន ចូលមកបេីករោងចក្រ នៅកម្ពុជា ហើយក៏បានអំពាវនាវសូមឱ្យ បរទេស ជួយទិញផលិតផល និងកសិផលរបស់យើងផងដែរ ដែលផ្ទុយពីក្រុមជ្រុលនិយមមួយក្តាប់តូច តែងតែរត់ទៅរកបរទេស ដេីម្បីសុំផ្តាច់ជំនួយហេដ្ឋារចនាសម្ព័ន្ធ សុំកុំឱ្យមានការវិនិយោគទុន និងសុំកុំឱ្យមានការទិញផលិតផល កសិផលរបស់កម្ពុជាយេីង ផងដែរ ។
ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌូលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំគៀងគរនូវអ្នកវិនិយោគិនជាច្រើន ដើម្បីបង្កើតរោងចក្រសហគ្រាសយ៉ាងច្រើននៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជានៅក្នុងខេត្តកំពង់ចាម បង្កើតឱកាសឱ្យកម្មករ កម្មការិនី យើងមានការងារធ្វើ មានចំណូលប្រចាំថ្ងៃ នោះគឺជាសមិទ្ធផលដែលសម្តេចតេជោសែន បានខិតខំនាពេលកន្លងមក ។ អ្នកតំណាងរាស្ត្រមណ្ឌូលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រ អ្នកវិនិយោគិន ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់រោងចក្រ ក្នុងការបង្កើតរោងចក្រ នៅក្នុងខេត្តកំពង់ចាម ដេីម្បីរួមចំណែកឱ្យប្រជាពលរដ្ឋរបស់យើង កាត់បន្ថយការចំណាកស្រុក និងបង្កើតឱកាសការងារ មានចំណូលប្រចាំថ្ងៃផងដែរ ។
ឯកឧត្តម លន់ លឹមថៃ បានសង្កត់ធ្ងន់ថា រោងចក្រនៅគ្រប់ទីកន្លែង គឺបានមកពីរាជរដ្ឋាភិបាលកម្ពុជាយើង ដោយសារសម្តេចតេជោសែន លោកបានខិតខំខ្លាំងណាស់ ទោះបីលោកចេញទៅក្រៅប្រទេស ឬនៅក្នុងប្រទេស លោកបានជួបជុំគៀងគរ ដល់អ្នកវិនិយោគិន ដេីម្បីធ្វើយ៉ាងណាឱ្យពួកគេមកដាក់ទុនបង្កើតរោងចក្រ ដេីម្បីផ្តល់ការងារឱ្យបងប្អូនយេីងធ្វើនៅនឹងកន្លែង កាន់បន្ថយការចំណាកស្រុក ហើយផលប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជាផលប្រយោជន៍គ្រួសារ គឺបានដល់ដៃបងប្អូនប្រជាពលរដ្ឋ ។ ហើយឯកឧត្ដមតំណាងរាស្ត្រ ក៏បានអំពាវនាវសូមឱ្យរួមគ្នាបន្តការពារសុខសន្តិភាព ដោយកុំចាញ់ឧបាយកលនៃការញុះញង់របស់ក្រុមជ្រុលនិយម និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ផងដែរ ៕