មន្រ្តីសង្ឃសាលាអនុគុណក្រុងបាត់ដំបង បាននាំនូវទេយ្យទាន(សង្គហទាន) ជាគ្រឿងឧបភោគ បរិភោគ សម្ភារ:ប្រើប្រាស់ និងបច្ច័យមួយចំនួនជាលើកទី2 ផ្ដល់ជូនសាខាកាកក្របាទក្រហមកម្ពុជា

btshotnews
បាត់ដំបង:សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី26ខែតុលាឆ្នាំ2023 ដែលមានឯកឧត្តម សុខ លូ ជាប្រធានបានទទួលនូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ជាលើកទី២ ឆ្នាំ២០២៣ ដែលសរុបជាទឹកប្រាក់ចំនួន ១០.៤០០.០០០រៀល ពីព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង និងសហការី នៃសាលាអនុគណក្រុងបាត់ដំបង នៅវត្តវិបុលត្ថារាម ហៅវត្តកណ្តាល ដែលស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  និងលោក ផេង សិទ្ធី ព្រមទាំងសហការី បានអញ្ជើញបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា បន្ទាប់មក ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមាន ឯកឧត្តម សុខ លូ ជាប្រធាន បានអនុញ្ញាតឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុគណក្រុង ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះមកជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត លើកទី២ ក្នុងឆ្នាំ២០២៣ សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត  តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ ឯកឧត្តម បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

សូមបញ្ជាក់ថា ទេយ្យទាន (សង្គហទាន) នៃសាលាអនុគណក្រុងបាត់ដំបងជូនដល់ សាខាកាកបាទក្រហមកម្ពុជា ជាលើកទី២នេះ រួមមាន ៖  អង្ករ ១,២០០ គីឡូក្រាម ,មី៥២កេស(តូច) ,ត្រីខ២៤យួរ ,ទឹកស៊ីអ៊ីវ៣៣យួរ ,ទឹកត្រី៣០ យួរ, ទឹកបរិសុទ្ធ២១កេសុ ,ទឹកបរិសុទ្ធ២៣ យួរ , ទឹកក្រូចចម្រុះ២១កេស ,ទឹកអូឈិនិងកូកាកូឡា Big៩យួរ ,ប៊ីចេង៨កញ្ចប់ , អំបិល ៣៣គីឡូក្រាម ,ស្ករស៥០ គីឡូក្រាម ,ទឹកដោះគោខាប់ ៦៣ កំប៉ុង ,និងបច្ច័យចំនួន ១,៦០០,០០០ រៀលដែលសរុបជាទឹកប្រាក់លើទេយ្យទានទាំងនេះមានចំនួន ១០.៤០០.០០០រៀល៕