រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្ត រួមនឹងអ្នកសារព័ត៌មានដែលកំពុងអនុវត្តន៍ការងារនៅក្នុងខេត្តកំពង់ធំ

btshotnews
កំព​ង់ធំ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តន៍ការងារនៅខេត្តកំពង់ធំ ពិធីនេះត្រូវបានធ្វើឡើង នាវេលាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងដាក់ចេញនូវទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីឲ្យដើរតូនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន នេះជាផែនការការងារ ដែលត្រូវបានដាក់ចេញ។

ឯកឧត្ដម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងដោយជំរុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ទន្ទឹមគ្នានេះដែរ ឯកឧត្ដមបានថ្លែងណែនាំឲ្យបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួស មន្រ្តីដែលចូលនិវត្តន៍។

ឯកឧត្ដមបន្តថា «ទន្ទឹមគ្នានេះដែរធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរព័ត៌មាន ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តកំពង់ធំ»៕

យោងតាមរបាយការណ៍របស់លោក ស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្តកំពង់ធំ មានមន្រ្តីក្របខណ្ឌ28នាក់ មន្ត្រីកិច្ចសន្យា09នាក់ អ្នកសារព័ត៌មានបានមកចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត 99នាក់ ស្មើរនឹង32អង្គភាព៕