ផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែន កម្ពុជា-ថៃ ពីស្វាយជ្រំ ទៅកាន់ច្រកព្រំដែនអានសេះ មានប្រវែង32គីឡូម៉ែត្រ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលឡើងវិញ

btshotnews
ព្រះវិហារ៖ កំណាត់ផ្លូវខេត្តលេខ២ (PVH៤) មានប្រវែង៣២គីឡូម៉ែត្រ​ ជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ពីតំបន់ស្វាយជ្រំ ក្នុងឃុំស្រអែម ទៅកាន់ច្រកព្រំដែនអានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតយ៉ាងដំណំដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍ថា៖ កំណាត់ផ្លូវខេត្ត២ PVH៤ មានប្រវែង៣២គីឡូម៉ែត្រនេះ គឺជាប្រភេទផ្លូវក្រាលល្បាយថ្ម ជាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនយ៉ាងសំខាន់របស់កងទ័ព និងជាផ្លូវទេសចរណ៍ធម្មជាតិព្រៃភ្នំឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ក៏ដូចជាផ្លូវសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការដឹកជញ្ជូនទំនិញ កសិផល ទៅកាន់ទីផ្សារច្រកព្រំដែនអានសេះ។

លោកប្រធានមន្ទីរ បានបន្តថា៖ ការជួសជុលកំណាត់ផ្លូវខេត្ត២PVH៤ ឡើងវិញនេះ គឺក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់។

លោក សំ លាងទ្រី បានបន្តយ៉ាងដូច្នេះទៀតថា៖ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរមិនឱ្យមានគ្រលុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកថារហូតមកដល់ថ្ងៃនេះមន្ទីរបានធ្វើការជួសជុល ថែទាំផ្លូវខូចខាតដោយជំនន់ទឹកភ្លៀងរួចរាល់១០០%បានជាច្រើនខ្សែ និងផ្លូវខ្លះទៀតកំពុងដំណើរការជួសជុល នឹងរួចរាល់១០០%នៅពេលដ៏ខ្លីខាងមុខនេះ។

លោក សំ លាងទ្រី ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋយើង សូមចូលរួមថែរក្សាផ្លូវថ្នល់ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ការចាក់ដីខ្ពស់ជាងផ្លូវ ចាក់ដីលុបលូ ប្រឡាយតាមដងផ្លូវ កុំយកដីចំណីផ្លូវធ្វើអាជីវកម្មគ្រប់ប្រភេទ និងមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់ដែលច្បាប់បានកំណត់ជាដាច់ខាត ពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕