គ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនិងទឹកជំនន់ជាង2ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឬស្សី
btshotnews
បាត់ដំបង: ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង នាវេលាព្រឹកថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2023 នេះបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ ស្បៀងបម្រុងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួន ១,៩៥៧គ្រួសារ ក្នុងនោះ ស្រុកថ្មគោល ចំនួន ១,៦០៣គ្រួសារ និងស្រុកមោងឫស្សី ចំនួន ៤៥៥ គ្រួសារ ។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់ គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ហើយចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តមបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ៕