សមត្ថកិច្ចនគរបាលហៅមនុស្សប្រុសស្រី០២នាក់មកសួរនាំករណីបែកធ្លាយវីដេអូរបង្ហោះម៉ូតូរួចសរសេរថា(ចង់ឱ្យបាត់ដំបងមានតែយេីងទាំងពីរនាក់)

btshotnews
បាត់ដំបងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាញសង្គមនូវឃ្លីបវីដេអូ ពីការជិះម៉ូតូបង្ហោះលេីដងផ្លូវ ដោយសរសេរពីខាងលេីថា (ចង់ឱ្យបាត់ដំបងមានតែយេីងទាំងពីរនាក់)ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជនក្នុងបណ្តាញសង្គម។

បន្ទាប់ពីឃេីញរូបភាពនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្កអនាធិបតេយ្យខាងលើនេះ។ 

ក្រោយទទួលបានបទបញ្ជា នៅថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង បានដឹកនាំធ្វេីការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារីម្នាក់ជាអ្នកបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ មកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរនិងមានវិធានការតាមផ្លូវច្បាប់៕