ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៃក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះវិហារ

btshotnews
ព្រះវិហារ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៃក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ពិធីនេះបានធ្វើឡើងក្រោមវត្រមានលោក សំ សារ៉ាត់ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកស្រី ស៊ុន ម៉ាលីន ប្រធានតំបន់ប្រតិបត្តិការប្រចាំខេត្តព្រះវិហារ និងជាតំណាងអង្គការទស្សនៈពិភពលោកខេត្ត(WVI-C) និងជាតំណាងសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA) ប្រចាំខេត្តព្រះវិហារ។

គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺ៖
*១៖ បង្កើនការយល់ដឹង បណ្តុះបណ្តាល បញ្ជ្រាបការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងបរិវត្តកម្មប្រព័ន្ធស្បៀង។
*២៖ ផ្សព្វផ្សាយសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ (៦ វិច្ឆិកា ២០២៣) ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
*៣៖ បូកសរុបរបាយការណ៍ ក.ដ.ស.ស.អ.ខេត្តព្រះវិហារប្រចាំឆ្នាំ២០២៣។
*៤៖ កសាងផែនការសកម្មភាពអនុវត្តប្រចាំឆ្នាំ២០២៤ របស់ក.ដ.ស.ស.អ.ខេត្តព្រះវិហារ។
*៥៖ ផ្សព្វផ្សាយគម្រោងវារីវប្បកម្ម
ខ្នាតតូចសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៃអង្គការវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ (IIRR)។

ក្នុងនាមប្រធានក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានថ្លែងការកោតសរសើរចំពោះអនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះវិហារ លើការយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពិសេសមន្ទីរនិងអង្គភាពពាក់ព័ន្ធ រួមនឹងអង្គការសង្គមសុីវិល ដៃគូរអភិវឌ្ឍ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ថ្នាក់ ធ្វើឱ្យខេត្តព្រះវិហារទទួលបានលទ្ធផលគួរជាទីមោទៈនៈ។

លោក អ៊ុក គឹមសាន ក៏បានថ្លែងការកោតសរសើរចំពោះលោក លោកស្រីទាំងអស់ ដែលបានបំពេញតួនាទី និងភារកិច្ច សម្រេចបានលទ្ធផលជាច្រើន។តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនាឱកាសនេះក្រុមការងារខេត្តយើងនឹងទទួលបាននូវមេរៀនបទពិសោធន៍ និងគន្លឹះសំខាន់ៗថែមទៀត ក្នុងការដឹកនាំ និងអនុវត្តការងារទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធិភាព គុណភាព ស្របតាមគោលនយោបាយដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល៕