ភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនា ខេត្តសៀមរាប ក្នុងខែមករានេះ កើនឡើងជិត៥០ភាគរយ

btshotnews
ខេត្តសៀមរាប៖ភ្ញៀវទេសចរណ៍អន្តរជាតិ បានមកទស្សនាខេត្តសៀមរាបមក្នុងខែមករានេះកើនឡើងជិត៥០ភាគរយ បើធៀបនឹងខែមករា ឆ្នាំមុន ខណៈចំនួនភ្ញៀវទេសចរជាតិ ថយចុះ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ ទស្សនាក្នុងភូមិសាស្ត្រខេត្តសៀមរាបក្នុង ចំនួន ១១៥.៥៣២នាក់ មានការកើនឡើងជាង ៤៩ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលចំនួន ៧៧.៤៣៦នាក់ ប៉ុន្តែភ្ញៀវទេសចរជាតិ ថយចុះជាង២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះខែមករាឆ្នាំនេះ មានចំនួន ១៥៣.៩០០នាក់ នាក់ និង ខែមករាឆ្នាំមុន មានចំនួន ២០៦.០០០នាក់។

របាយការណ៍បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរជាតិនិងអន្តរជាតិជិត ២៧ម៉ឺននាក់នោះ ពួកគាត់បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន តំបន់រមណីយដ្ឋានធម្មជាតិក្បាលស្ពាន តំបន់បឹងទន្លេសាប និង រមណីយដ្ឋានសហគមន៍តាមបណ្តាក្រុងស្រុក រួមទាំងរមណីយដ្ឋានកែច្នៃផ្សេងៗជាច្រើនកន្លែងទៀត៕